ទិញបាយស្រូប១ប្រអប់ ៤០០០រៀល ច្រឡំបាញ់លុយ៤០០០ដុល្លារ ទារវិញអ្នកលក់អត់ឲ្យ ចុងក្រោយគុក

ខេត្តសៀមរាប៖ បុរសជាអ្នកលក់ដូរម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមាននារីជានិស្សិតម្នាក់ប្តឹងថា ទិញបាយសាច់ជ្រូកខ្ចប់១ប្រអប់តម្លៃ ៤០០០រៀល ហើយនាងច្រឡំបាញ់លុយ ចំនួន៤០០០ដុល្លារ ចូលគណនីរបស់ជនសង្ស័យ នៅពេលដឹងថាបាញ់លុយច្រឡំ នាងក៏បានមកសុំប្រាក់នោះពីជនសង្ស័យវិញ តែជនសង្ស័យមិនព្រមប្រគល់ប្រាក់ឱ្យវិញទេ រួចនាងក៏ដាក់ពាក្យបណ្ដឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយនោះឱ្យនាងវិញ។

ហេតុការណ៍វេរប្រាក់ច្រឡំខាងលើនេះ បានកើតហេតុកាលពីវេលាម៉ោង៩និង១៨នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងលក់បាយមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមលោកវរៈសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធិ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះថា ជនរងគ្រោះឈ្មោះ ចែត ខ្លូត ភេទស្រី អាយុ២១ឆ្នាំមុខរបរនិស្សិត រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ចំណែកជនសង្ស័យឈ្មោះ សំ យោធិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានប្ដឹង៖ មុនពេលកើតហេតុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩និង១៨នាទីព្រឹក ស្ថិតនៅចំណុចហាងលក់បាយ ក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនរងគ្រោះបានទិញ បាយសាច់ជ្រូកខ្ចប់មួយប្រអប់ ក្នុងតម្លៃ ៤០០០រៀល ។

ជនរងគ្រោះបានបន្តថា ដោយសារជនរងគ្រោះពុំមានប្រាក់ ក៏សុំ ខ្យូអរកូត (QR Code) របស់ជនសង្ស័យ ដើម្បីផ្ទេរប្រាក់ចំនួន៤០០០រៀល ឱ្យថ្លៃបាយ ប៉ុន្តែពេលនោះជនរងគ្រោះច្រឡំស្គេន ប្រាក់ដុល្លារ ហើយបានផ្ញើរប្រាក់ចំនួន ៤០០០ដុល្លារ ចូលគណនីរបស់ជនសង្ស័យទៅវិញ ។

លុះនៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះដឹងថាខ្លួនបានផ្ទេរប្រាក់ច្រឡំ ហើយក៏បានសុំប្រាក់ពីជនសង្ស័យវិញ តែជនសង្ស័យមិនព្រមប្រគល់ប្រាក់ឱ្យវិញនោះទេ រួចជនរងគ្រោះក៏ដាក់បណ្ដឹង មកកាន់នគរបាលក្រុងសៀមរាប ដើម្បីជួយយកលុយនោះឱ្យជនរងគ្រោះវិញ ។

 

ក្រោយសមត្ថកិច្ចហៅមកសួរនាំ ក៏សុំគោលការណ៍ពីថ្នាក់លើ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបាន រួមមាន ប្រាក់ចំនួន ៥៤៥ដុល្លារ ប្រាក់ថៃចំនួន២៤០បាត ប្រាក់ខ្មែរចំនួន ៨២០០រៀល ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង ។

 

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ និងបញ្ជូនបន្តទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទពាក់ព័ន្ធ