អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើក្រុមហ៊ុន Vingroup របស់វៀតណាម ក្នុងការបើកអាជីវកម្មរថយន្តតាក់ស៊ីនៅកម្ពុជា នោះទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។
ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ បានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២,៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ព័ត៌មាននេះបានធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្ត ដែលធ្វើឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម គឺប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជា ពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរាជរដ្ឋាភិបាល៕