១១ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពីការនាំចេញទំនិញសរុបជាង២១ពាន់លានដុល្លារ

ភ្នំពេញ៖ កម្ពុជា​បាននាំចេញ​ទំនិញ​គិត​ជា​ទឹក​ប្រាក់ស​រុប​ចំនួន​ប្រមាណ ២១.៣ពាន់លានដុល្លារកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ខណៈ​ការនាំចូលទំនិញពីក្រៅប្រទេសធ្លាក់ចុះ ១៩.៩% ស្មើនឹងប្រមាណ ២២,២​ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

របាយការណ៍បន្តថាកម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិក មាន​ទឹក​ប្រាក់ ៨.១៤ ពាន់លានដុល្លារ, ជប៉ុន ១ពាន់លានដុល្លារ រួមចំណែកប្រមាណ ៣៨% នៃ​ទំហំ​នាំ​ចេញ​សរុបបានពីក្រោយដោយប្រទេសវៀតណាម ២.៦ ពាន់លានដុល្លារ, ចិន ១.៣ ពាន់​លាន​ដុល្លារ និងជប៉ុន ១.០៦ ពាន់លានដុល្លារ។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ដូចជាសំលៀកបំពាក់ ៨.៣ ពាន់លានដុល្លារធ្លាក់ចុះ ១៥% ផលិតផលស្បែកជើង ១.៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២២% សម្ភារៈធ្វើដំណើរ ១.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១០% និង​ម៉ាស៊ីន​បរិធាន និងសម្ភារៈអគ្គិសនី ១.៧ ពាន់លានដុល្លារ កើនឡើង ៧៣%។

ដោ​យ​ឡែកកម្ពុជានាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ ៩.៧ ពាន់លានដុល្លារ កើនឡើង ៣% ពីប្រទេសវៀតណាម ៣.២ ពាន់លានដុល្លារ ធ្លាក់ចុះ ៩.៧% និងថៃ២.៦ពាន់លានដុល្លារ ធ្លាក់​ចុះ២៥%។ ការដោះ​ដូរពាណិជ្ជ​កម្ម​អន្តរជាតិ​នេះធ្វើ​ឱ្យ​កម្ពុ​ជា​មាន​ឱន​ភាព​ជញ្ជឹង​ពាណិជ្ជ​កម្ម​ជាង ៩០០លានដុល្លារ។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជា​មួយ​នឹង​បណ្តា​ប្រទេស​ហត្ថ​លេខី​នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់​លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។ ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា។

នៅក្នុង​ពិធីបើកសន្និបាតនាព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅ​តែ​ប្តេជ្ញា​បន្ត​កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​បន្ត​ពង្រឹង​គុណ​ភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និង​ការ​ធ្វើ​ឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយ​បានកាត់បន្ថយទាំងការចំណាយ និងពេលវេលា, ការរក្សាស្ថិរភាពថ្លៃ និងការ​ជំរុញ​ពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តក​សាង​ និង​ធ្វើ​វិសោធន​កម្ម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះ​បាន​បង្ក​លក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ​វិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទពាក់ព័ន្ធ