ទិញឡានដឹកដីថ្មីៗ ឈប់តាមផ្លូវហូបបាយ បែនសាក ប្អូនទម្លាក់បែនចុះសង្កត់បងយ៉ាងរន្ធត់
(ភ្នំពេញ) ៖ បុរស ០២ នាក់បងប្អូនសាច់ថ្លៃ បាននាំគ្នាមកពីស្រុកទិញរថយន្តបែនដឹកដី ០១ គ្រឿង ហើយបាននាំគ្នាត្រឡប់ទៅវិញ តាមផ្លូវចូលហូបបាយ បែនសាកមើល តែគ្រោះអកុសលពេលឱ្យប្អូនទម្លាក់បែនវិញ ក៏បានសង្កត់បងស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ដែលមិននឹកស្មានដល់ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ០៩ ៖ ៣០ នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បន្ទាប់ពីជួបគ្រោះថ្នាក់ បុរសជាប្អូនក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំផងដែរ ។
ជនរងគ្រោះដែលត្រូវបានបែនរថយន្តសង្កត់ស្លាប់មានឈ្មោះ និន ឈន់ ភេទប្រុស អាយុ ៥១ ឆ្នាំ មុខរបរទិញលក់រថយន្តបែនដឹកដី មានលំនៅភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកបុរសជាប្អូនមានឈ្មោះ ស្រ៊ន់ ហ៊ាត ភេទប្រុស អាយុ ៤៥ ឆ្នាំ មានលំនៅក្បែរគ្នា ត្រូវជាប្អូនថ្លៃ ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ០២ នាក់បងប្អូនខាងលើ បានធ្វើដំណើរមកពីស្រុកទៅទិញរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កោះកុង 3A-0783 មួយគ្រឿង ពីម្តុំភ្នំប្រសិទ្ធិវង្ស ក្នុងតម្លៃជាង ០៨ ពាន់ដុល្លារ រួចធ្វើដំណើរទៅត្រឡប់ទៅស្រុកវិញ ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅពេលធ្វើដំណើរបានបន្តិច មកដល់កន្លែងកើតហេតុ ក៏បានឈប់រថយន្តចុះហូបបាយ និងបានបែនរថយន្តសាកទុកចោល រួចក៏បានចូលទៅហូបបាយ ។ លុះពេលហូបបាយរួច បុរសជាបងក៏បានឱ្យប្អូនឡើងបើករថយន្ត និងទម្លាក់បែនចុះ តែគ្រោះអកុសលបងមិនបានឡើងរថយន្តភ្លាមៗទេក៏បានដើរអើតមើលគ្រឿងរថយន្ត ហើយត្រូវបែនធ្លាក់មកសង្កាត់ជាប់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនបុរសជាប្អូន ដើម្បីសាកសួរ ។
ទោះបីជាយ៉ាងណា គេពុំដឹងថា សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្អូនចាត់ការតាមច្បាប់ឬយ៉ាងណានោះទេ ។ តែក្រុមគ្រួសារពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះជាបងប្អូន និងចាត់ទុកជាគ្រោះថ្នាក់ ។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕