ឆេះតូបក្នុងផ្សារក្រោម ខេត្តសៀមរាប ដោយឆក់យកជីវិតកូនតូចម្នាក់​យ៉ាងរន្ធត់ និងស្រ្តីជាម្តាយកំពុងមានផ្ទៃពោះ (Video inside)

(ខេត្តសៀមរាប) ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះតូបលក់ ដូរនៅផ្សារក្រោម កាលពីវេលាម៉ោង ០៤ ៖ ៣០ នាទីទៀបភ្លឺ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យស្លាប់មនុស្ស 0២ នាក់ គឺកូនប្រុស អាយុ 0៤ ឆ្នាំ ម្នាក់ និងស្ត្រីជាម្តាយកំពុងមានផ្ទៃពោះជាង 0២ ខែ ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង ០២ នាក់ម្តាយ និងកូនខាងលើ គឺកូនប្រុស មិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុ៤ឆ្នាំ និងស្ត្រីជាម្តាយឈ្មោះ ស្រី ណា អាយុ២៨ឆ្នាំ មានផ្ទៃពោះជាង២ខែ មុខរបរលក់បន្លែ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិ ទ្រា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍ បានបន្តថា ខណៈពេលប្តីស្ត្រីរងគ្រោះចេញទៅយកបន្លែ ក៏បានចាក់សោទុក ឱ្យប្រពន្ធនិងកូននៅក្នុងផ្ទះ លុះនៅពេលកើតមានគ្រោះអគ្គិភ័យ សង្ស័យស្ត្រីរងគ្រោះ និងកូនតូចរត់ចេញមិនរួច ទើបបណ្តាលឱ្យបាត់បង់ជីវិត ។ បន្ទាប់ពីកើតហេតុ បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំផងដែរ ។

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះដែរ គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតនៅឡើយទេ ។

បច្ចុប្បន្ន សពជនរងគ្រោះទាំងម្តាយ និងកូនប្រុសតូច ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប យកទៅបូជា នៅក្នុងវត្តអទ្ធា ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ៕

អត្ថបទពាក់ព័ន្ធ