អគ្គីភ័យឆេះផ្ទះទាំងព្រឹកនៅកណ្តាលក្រុងសៀមរាប! ម្ចាស់ផ្ទះស្តាយមិនស្ទើរទេ (Video inside)
ខេត្តសៀមរាប ៖ ព័ត៌មានបឋមបានឲ្យដឹងថា នាព្រឹកព្រលឹម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប មានករណីអគ្គិភ័យ ឆាបឆេះផ្ទះលក់គ្រឿងអគ្គិសនីមួយកន្លែងដែលមានយីហោ ឈ្មោះ សៀមរាប ឡៃតិ៍ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ផ្ទះអ្នកជិតខាងទាំងព្រឹក ។
ករណីខាងឆេះផ្ទះខាងលើនេះដែរបណ្តាលឱ្យម្ចាស់ផ្ទះអ្នកលក់ទូរស័ព្ទដៃ និងម្ចាស់ផ្ទះ ដែលមានយីហោ ឈ្មោះ រិទ្ធ អ៊ីយានវាំងនន នាំគ្នារត់ប្រសាច ខ្លះទាញយកសម្ភារៈលក់ ទូរស័ព្ទដៃខ្លះយកគ្រឿងបរិក្ខារអគ្គិសនី ខ្លះយកពូក ខ្នើយ វាំងនន ដើម្បីមកដាក់នៅខាងក្រៅមុខផ្ទះ តែអ្នកជិតខាងសំណាងល្អពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ ករណី អគ្គិភ័យឆាបឆេះផ្ទះនេះឡើយ ។
ចំពោះហេតុការណ៍នេះដែរ សមត្ថកិច្ចនគរបាលចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងបងប្អូនប្រជាពលរដ្ឋសស្រាក់សស្រាំជួយយកបំពង់ពន្លត់អគ្គិភ័យ និងជួយទាញស៊ីយ៉ូចេញពីរថយន្តពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់កុំឱ្យភ្លើងឆេះរាល ហើយពួកគាត់ក៏បាននាំគ្នាចូលរួមទៅក្នុងផ្ទះអ្នកលក់ ដើម្បីជួយយកសម្ភារៈចេញមកដាក់នៅខាង ក្រៅ កុំឱ្យភ្លើងឆេះឆាបដល់អ្នកដទៃផងដែរ ៕