អភិបាលខេត្តកំពង់ចាម ជំរុញមន្ត្រីពន្លឿនការវាស់វែងដីធ្លីជូនពលរដ្ឋ និងត្រូវវាស់វែងដោយ ទុកផ្លូវឱ្យអ្នកដែលមានដីនៅខាងក្រោយចេញចូល ចៀសវាងនូវបញ្ហានាពេលខាងមុខ
(កំពង់ចាម) ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញ ដល់មន្ត្រីចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ គឺត្រូវវាស់វែង ដោយទុកផ្លូវឱ្យអ្នកដែលមានដី នៅខាងក្រោយអាចចេញចូលបាន ចៀសវាងនូវបញ្ហាផ្សេងនាពេលខាងមុខ។
ការបញ្ជាក់ បែបនេះគឺ ធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ចាម បានអញ្ជើញ សំណេះសំណាលជាមួយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជា ប្រព័ន្ធ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ទន្ទឹមនេះដែរលោកអភិបាលខេត្តកំពង់ចាមក៏បានជំរុញដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក យុវជនសហភាព សហព័ន្ធ និងក្រុមការងារចុះវាស់វែងដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធត្រូវសហការគ្នាចុះវាស់ វែងដីជូនប្រជាពលរដ្ឋឲ្យបានលឿន ដោយមិនគិតថ្ងៃឈប់សម្រាក ជាពិសេសត្រូវខិតខំវាស់ ឲ្យរួចរាល់ទាំងអស់មុនចូលឆ្នាំខ្មែរមកដល់ ពីព្រោះខេត្តកំពង់ចាមគឺជាខេត្ត គំរូក្នុងការចុះវាស់ វែងដីធ្លី ជាល្ខណៈប្រព័ន្ធ។
បើយោងតាមលោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានបញ្ជាក់ថាចំពោះស្រុកស្ទឹងត្រង់បានចាប់ អនុវត្តការចុះបញ្ជីដីធ្លីចាប់ពីថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០១៤ ក្នុងនោះមានឃុំចំនួន១២ឃុំ ស្មើនឹង៩៧ភូមិ។ ហើយសម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាមចាប់តាំងពីឆ្នាំ២០០៣ រករហូតមក ដល់ពេលនេះការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាមសម្រេចបានការ វាស់ វែងបានចំនួន ៨១៣, ៤៨៤ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ៧៨៦, ៨៨១ក្បាលដី និង ចែកប័ណ្ណប្លង់រឹងបានចំនួន ៧៤៤,០២២ប័ណ្ណ។
សូមបញ្ជាក់ជូនថាការចុះបញ្ជីដីធ្លីជាប្រព័ន្ធគឺ ត្រូវមានឯកសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្តី និងប្រពន្ធ សំបុត្របញ្ជាក់ អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ លិខិតផ្ទេរសិទ្ធិដីធ្លី លំខិតបញ្ជាក់ អំណោយ ជាដើម៕