កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរថែមទៀត

រដ្ឋាភិបាលកម្ពុជា និងភាគីឥណ្ឌូនេស៊ី បានឯកភាពគ្នាលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។

ក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សានតូ ដាម៉ូសុម៉ាតូ (Santo Darmosumarto) ឯអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។

ប្រភពដដែលនេះ បានបន្តថា សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់​សម្រាប់​ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែ​ស្អិតរមួត​ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។

ក្នុងនោះ ភាគីឥណ្ឌូនេស៊ី ​បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូល ដែលបាន​មើលថែ​ពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា​ដោយគ្មានការរើសអើង។

ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេស​ទទួល ​និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ​ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និង​ជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែល​ក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជា​ដែលចេញទៅបម្រើការនៅបរទេសនោះទេ៕

 

អត្ថបទពាក់ព័ន្ធ