មន្រ្តីជំនាញ៖ ច្បាប់ខ្មែរពីបុរាណមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងទស្សនវិជ្ជានៃព្រះពុទ្ធសាសនា
(ភ្នំពេញ) ៖ ទស្សនវិជ្ជាច្បាប់ទំនៀម ឫច្បាប់ខ្មែរពីបុរាណ មានទំនាក់ទំនងយ៉ាងស្អិតរមួតបេះមិនដាច់ជាមួយនឹងទស្សនវិជ្ជានៃព្រះពុទ្ធសាសនា ដោយបង្កើតឡើងនូវអត្តសញ្ញាណនៃវប្បធម៌ច្បាប់ខ្មែរ។ នេះបើតាមការដឹងពីឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងវេទិកា “ជំនុំច្បាប់ខ្មែរ” លើកទី១ ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី០៤ខែមករា ឆ្នាំ២០២៤នេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តថា អត្តសញ្ញាណនៃវប្បធម៌ច្បាប់ខ្មែរនេះ កំណត់នូវសមាសភាពទ្វេភាគ ទាំងសម្មតិសច្ចៈ និងទាំងក្នុងបរម្មតិសច្ចៈ។ ក្នុងន័យនេះ ប្រសិនបើបុគ្គលណាម្នាក់បានប្រព្រឹត្តិនូវទោសកំហុស នោះនឹងត្រូវទទួលនូវទោសទណ្ឌ ដោយប្រឈមមុខ នឹងច្បាប់ចំនួនពីរ គឺច្បាប់បង្គាប់ (ក្នុងសម្មតិសច្ចៈ) កំណត់ដោយក្របខ័ណ្ឌច្បាប់វិជ្ជាមាន និងច្បាប់ទូន្មាន (ក្នុងបរម្មតិសច្ចៈ) ជាការគោរព និងឲ្យតម្លៃសីលធម៌របស់ខ្លួន ដោយខ្លួនឯងម្នាក់ៗ នៅក្នុងខ្លួនឯងម្នាក់ៗ ដោយប្រឈមមុខនឹងធម្មជាតិពិតរបស់ខ្លួនឯង ទៅតាមកម្លាំងកម្មរបស់ខ្លួន វិលវុលក្នុងសង្សារវដ្ឋនៃលោកធម៌ទាំង៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដែរថា វេទិការជំនុំច្បាប់ខ្មែរ ធ្វើឡើងដើម្បីជាឱកាសសម្រាប់ការផ្តល់នូវគុណតម្លៃបន្ថែម ចំណេះដឹង និងរបកគំហើញថ្មីៗ តាមរយៈការស្វែងគិត ស្វែងដឹង ស្វែងយល់ ជជែកពិភាក្សា វិភាគលើគោលគំនិតដើមនៃទស្សនវិជ្ជាច្បាប់ដែលបានបង្កប់ក្នុងច្បាប់ខ្មែរ រដ្ឋធម្មនុញ្ញ និងធម្មសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណាក់កាលមុនពេល ដែលព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលនូវឥទ្ធិពលពីប្រព័ន្ធច្បាប់ទំនើបរបស់បារាំងគឺ ប្រព័ន្ធច្បាប់ Civil Law រហូតមកដល់ដំណាក់កាលនៃការរៀបចំឲ្យមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧ និងរដ្ឋធម្មនុញ្ញបច្ចុប្បន្នឆ្នាំ១៩៩៣។
នៅក្នុងបុព្វហេតុធម្មនុញ្ញ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តល់អាទិភាពក្នុងការលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ៕