ចិន ថ្កោលទោសទង្វើរបស់សហរដ្ឋអាមេរិកនៅមុទ្រចិនខាងត្បូងថាជា «ការបង្កហេតុ»
ប៉េកាំង៖ ប្រទេសចិនបានបរិហារនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាទង្វើបង្កហេតុ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលភាគីទាំងពីរបានធ្វើសមយុទ្ធនៅក្នុងដែនទឹកជម្លោះ។
នាវាចម្បាំងចិន និងអាមេរិកបានធ្វើសមយុទ្ធប្រឈមមុខដាក់គ្នានៅសមុទ្រក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ទាក់ទងនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺហ្វីលីពីន។
កងទ័ពប្រជាជនចិន (PLA) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ការដាក់ពង្រាយរយៈពេលពីរថ្ងៃនៃកងទ័ពជើងទឹក និងទ័ពអាកាសរបស់ខ្លួន ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ គឺកំពុងអនុវត្ត «ការល្បាតតាមទម្លាប់» នៅក្នុងសមុទ្រ។
របាយការណ៍មិនបានបញ្ជាក់ថា ការល្បាតនេះធ្វើឡើងនៅទីណា ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីគោលបំណងរបស់វាដែរ។ ប៉ុន្តែវាបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងហ្វីលីពីនក៏កំពុងធ្វើសមយុទ្ធរយៈពេលពីរថ្ងៃនៅក្នុងដែនទឹកជម្លោះជាមួយចិនផងដែរ។

ទីក្រុងប៉េកាំងបានថ្កោលទោសការធ្វើសមយុទ្ធទាំងនេះ ហើយបានពណ៌នាថាជា «សកម្មភាពយោធាបង្កហេតុ» ក្នុងគោលបំណង «បំប៉ោងកម្លាំងយោធារបស់ពួកគេ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា សមយុទ្ធនេះ «ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង និងការត្រួតពិនិត្យស្ថានភាពដែនសមុទ្រ និងជម្លោះពាក់ព័ន្ធ»។ លោកបានបន្ថែមថា «យើងជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់សកម្មភាព ដែលមិនមានទទួលខុសត្រូវរបស់ពួកគេនេះជាបន្ទាន់ ហើយងាកមកគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូងឡើងវិញ»។ លោកបានសន្យាថា ទីក្រុងប៉េកាំងនឹងបន្តការពារយ៉ាងមុតម៉ាំ នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន៕