របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធានឹងដោះលែងអ្នកទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោសដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។ ជាធម្មតា អាជ្ញាធរនឹងដោះលែងអ្នកទោសមួយចំនួន ដើម្បីប្រារព្ធទិវាដែលមីយ៉ាន់ម៉ា ប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស។

យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីប្រកាសខ្លីមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យ៉ាងដូច្នេះថា «ក្នុងចេតនារក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងផ្អែកលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវលើកលែងទោស។ ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ»។

ក្នុងចំណោមអ្នកដែលត្រូវដោះលែងមិនមាន លោកស្រី អោងសាន ស៊ូជី នោះទេ ដោយយោធានិយាយថា រឿងក្តីរបស់លោកស្រី ដំណើរការត្រឹមត្រូវដោយតុលាការឯករាជ្យ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯទីក្រុងពាណិជ្ជកម្ម Yangon មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein ដើម្បីចាំទទួលយកអ្នកទោសដែលត្រូវបានដោះលែង៕

អត្ថបទពាក់ព័ន្ធ