រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ឯកភាពលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្តពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស

(ភ្នំពេញ) ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជម្រាបជូនគណៈកម្មការទី៨នៃរដ្ឋសភាថា ក្រសួងបានឯកភាពលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្ត ជាពិសេសការអប់រំសុខភាពនៅក្នុងសហគមន៍ និងការពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។

ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងគាំទ្រលើផែនការសកម្មភាព ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបបែបនេះ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាទាំង៩ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

ជាមួយគ្នានេះ កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាពិសេសនៅមូលដ្ឋានសុខាភិបាល ថ្នាក់ក្រោមជាតិ។ លោកស្រីប្រធានគណៈកម្មការទី៨ បានសំដែងនូវការកោតសរសើរដល់ការខិតខំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានតាមដានដោយយកចិតទុកដាក់នូវសកម្មរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទពាក់ព័ន្ធ