ក្មេងទំនើង ៧នាក់ ស្ទាក់វាយប៉ូលិស និងប្រជាការពារខ្ទេចអស់ម៉ូតូ ៤គ្រឿង

(កំពង់ស្ពឺ) ៖ ក្រុមក្មេងទំនេីងចំនួន ០៧ នាក់ ពិតជាថ្លើមធំហួសមាឌហ៊ាននាំគ្នាធ្វើសកម្មភាពស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ត្រូវបានឃាត់ ០៦ នាក់ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងម្នាក់ទៀតជាប្រធានក្រុមរត់គេចខ្លួនបាត់ស្រមោល ។

 

ហេតុការណ៍ក្រុមក្មេងទំនើងស្ទាក់វាយប៉ូលិស និងប្រជាការពារនេះ បានកើតឡើងនៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី រំលងអាធ្រាត្រ តាមផ្លូវលំ ស្ថិតនៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ខណៈពេលកម្លាំងនគរបាលដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ។

 

អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ បានចុះល្បាតតាមក្នុងភូមិសាស្រ្ត បានជួបក្មេងទំនើងមួយក្រុមមានគ្នាចំនូន ០៧ នាក់ បានធ្វើសកម្មភាពដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឱ្យមានរបួលធ្ងន់ធ្ងរនោះទេ ។ ដោយឡែកម៉ូតូនគរបាល និងប្រជាការពារជិះធ្វេីល្បាតចំនួន ០៤ គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយកម្ទេចចោលយ៉ាងដំណំ ។

 

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ក្នុងនោះរួមមាន៖ ទី១-ឈ្មោះ សៀង លីស៉ីម ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ។ ទី២-ឈ្មោះ ស៉ីម តូនី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ។ ទី៣-ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។ ៤-ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។ ទី៥-ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ។ ទី៦-ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និងម្នាក់ទៀតឈ្មោះ ស៉ីម ឆវ័ន្ត ហីម៉ៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាប្រធានក្រុមដឹកនាំក្រុមបានរត់គេចខ្លួនបាត់ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ។

 

តាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេី បានឆ្លើយថា «ពួកគេទាំងអស់ពិតជាបានចូលរួមធ្វេីសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារនៅចំណុចកេីតហេតុខាងលេីដោយឈ្មោះ ស៉ីម តូនី (ហៅអ៉ឹង) ជាអ្នកកាន់កាំបិតកាប់ទៅលេីម៉ូតូ ០៤ គ្រឿងពិតប្រាកដមែន» ។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទពាក់ព័ន្ធ