បញ្ជូនខ្លួនជនជាតិវៀតណាម ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីខួងយករ៉ែគ្មានច្បាប់អនុញ្ញាត

(ស្ទឹងត្រែង) ៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៤ នាក់ ពាក់ព័ន្ធក្នុងករណីខួងយករ៉ែដោយគ្មានច្បាប់អនុញ្ញាត និងបានបញ្ជូនខ្លួនទៅកាន់តុលាការ នារសៀលថ្ងៃទី៧ ខែមករាឆ្នាំ ២០២៤នេះ ។

ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០៤ នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន ០២ ទីតាំង នៅចំណុចខាងលើ ។

លោកមេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបានឃាត់ខ្លួនជនសង្ស័យជាជនវៀតជាតិវៀតណាមចំនួន ០៤ នាក់ មាន ១-ឈ្មោះ TRAN TRONGTANG ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម ។ ២-ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ ២៧ ឆ្នាំ ជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ ៣-ឈ្មោះងៀន អុងនឿង ភេទប្រុស អាយុ ២៨ ឆ្នាំ បុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយ ប្រទេសវៀតណាម និង ៤-ឈ្មោះ ឡេ វ៉ាន់ទុន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ ។

ក្នុងការបង្ក្រាបនេះ បានដកហូតវត្ថុតាងរួមមាន រថយន្ត ១ គ្រឿង ម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យបើករត់គេចចេញពីកន្លែងកើតហេតុ និងវត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖ ម៉ាស៊ីនខួងរ៉ែ ០២ គ្រឿង, ម៉ាស៊ីនគោយន្ត ០២ គ្រឿង, ទុយោជ័រ ០៤, ហ្វុយដាក់ទឹក ០៤ ,ដែកបំពង់ទីប ៤៦ ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន ១២ កំណាត់ ។

ឆែកឆេរ និងចាប់វត្ថុតាងក្នុងរថយន្តរបស់ជនសង្ស័យរួមមាន៖ ឧបករណ៍ស្រូបរុករករ៉ែចំនួន ០៣ គ្រឿង, ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍មួយចំនួន ។

ករណីនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងសាកសួរជនសង្ស័យជនជាតិវៀតណាមទាំង ០៤ នាក់ខាងលើ ពុំមានឯកសារបទដ្ឋានគតិយុត្តិណាមួយអនុញ្ញាតឱ្យខួងរុករកធនធានរ៉ែពីស្ថាប័នជំនាញឡើយ ។

បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទពាក់ព័ន្ធ