ជនល្មើសដែលសម្លាប់គេហើយសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
(សៀមរាប) ៖ កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាចុះអនុវត្តដីការបង្គាប់ចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនជនល្មើសម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យស្លាប់ជនរងគ្រោះ) កាលពីអំឡុង ឆ្នាំ២០២០ ។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៧ ៖ ៣០ នាទីព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលជំនាញ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចប្បុន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
បច្ចប្បុន្ន ជនត្រូវចោទខាងលើ ត្រូវបានប្រគល់ និងទទួលទៅឱ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី ៕