រដ្ឋមន្រ្តីក្រសួងព័ត៌មានក្រើនរំលឹកស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។
តាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន ៤ចំណុច រួមមាន៖
១-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ស្តីពី ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន
២-ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោក ដែលមានចរិតលើកទឹកចិត្តហួសហេតុពេក
៣-ហាមយកស្ត្រី និងអនីតិជន ក្រោមអាយុ ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ
៤-រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារព្រមាន «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ក្នុងសេចក្តីប្រកាស ក្រសួងព័ត៌មាន បានព្រមានថា «ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយ មិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណា ដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យា ដែលតម្កល់ទុកនៅក្រសួងព័ត៌មាន»។
សេចក្តីក្រើនរម្លឹកខាងលើនេះ ត្រូវបានធ្វើឡើង បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាព ដើម្បីអូសទាញឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។
មួយវិញទៀត ក្រសួងព័ត៌មាន ក៏បានកត់សម្គាល់ពីផលប៉ះពាល់ដល់សង្គមមួយផ្នែក កើតចេញពីការទទួលទានគ្រឿងស្រវឹង ដោយខ្វះការទទួលខុសត្រូវ ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាព ជាដើម៕