ចូលហ៊ុនគ្នាបើកខារ៉ាអូខេឈ្មោះ JASSMINE នៅក្រុងប៉ោយប៉ែត ឥឡូវម្នាក់រងរបួស ម្នាក់ទៀតចូលគុកក្នុងករណីជម្លោះនិងមានហិង្សាដោយចេតនា
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បបញ្ជូនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នូវជនសង្ស័យម្នាក់។
គឺជារឿងចូលហ៊ុនគ្នាបើកខារ៉ាអូខេឈ្មោះ JASSMINE នៅក្រុងប៉ោយប៉ែត ឥឡូវម្នាក់រងរបួស ម្នាក់ទៀតចូលគុកក្នុងករណីជម្លោះនិងមានហិង្សាដោយចេតនា
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មមេបញ្ជាការនៅវេលាម៉ោង១៦:៤៧ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនាដែលប្រព្រឹត្តកាលពីវេលាម៉ោង១ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេJASSMINE ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ជនរងគ្រោះនិងជនសង្ស័យបានចូលហ៊ុនគ្នាបើកខារ៉ាអូខេដែលមានឈ្មោះ JASSMINE បានរយៈប្រហែល១ឆ្នាំ ហើយម្ចាស់ក្រុមហ៊ុនតែងតែឈ្លោះប្រកែកគ្នារឿងភាគហ៊ុន ។
ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ វេលាម៉ោងប្រហែល១៨:៣០ ជនរងគ្រោះនិងប្រពន្ធ បានទៅត្រួតពិនិត្យការងារនៅកន្លែងខារ៉ាអូខេ ហើយបានជួបជាមួយឈ្មោះគួយ ថាវី (ជនសង្ស័យ) កំពុងត្រួតពិនិត្យការងារ រហូតដល់វេលាម៉ោងប្រហែល១យប់ចូលថ្ងៃទី២៨ ខែកុម្ភៈ ជនរងគ្រោះបានទៅត្រួតពិនិត្យនៅខារ៉ាអូខេម្តងទៀត ហើយបានចូលទៅនិយាយការងារនៅបន្ទប់ ។
ស្រាប់តែជនសង្ស័យ ដើរចូលមកតាមក្រោយ វាយជនរងគ្រោះចំនួន១ដៃត្រូវចំសៀតផ្កាបណ្តាលឱ្យបាត់បង់ស្មារតី និងបន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាលជនរងគ្រោះបោកទៅជញ្ជាំងបណ្តាលឱ្យសន្លប់។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត: បានចុះដល់កន្លែងកើតហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង១៤ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះខាងលើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕