ស្នងការរងខេត្តសៀមរាបម្នាក់ បេីករថយន្តបុករ់ឺម៉កម៉ូតូ បណ្តាលឲ្យព្រះសង្ឃរងរបួសជាច្រើនអង្គនាក់
ខេត្តសៀមរាប៖ រថយន្តឡិចស៊ីស៣៣០ ពណ៌ទឹកមាស របស់លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តសៀមរាប ចេញពីបម្រើការងារបេសកកម្មប្រចាំការនៅមុខចម្ការម្រេច១២ហិកតា របស់ ខឹម វាសនា បើកបរក្នុងល្បឿនលឿន ទៅបុកម៉ូតូរ៉ឺម៉កកង់បីដឹកព្រះសង្ឃយ៉ាងពេញទំហឹង បណ្ដាលឱ្យដួល និងរបួសព្រះសង្ឃរដូករណែលនៅលើផ្លូវ ហើយរថយន្តបម្រុងបើកគេចដែរ តែទៅបុកគល់ឈើ បណ្តាលឱ្យខ្ទេចមុខរថយន្ត ហើយអ្នកបើកបរគេចខ្លួនបាត់ និងបង្កការភ្ញាក់ផ្អើលយ៉ាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូកង់បីខាងលើនោះបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥និង៣០នាទីល្ងាច លើផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ មាស ផា ស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ទៅឃុំរុនតាឯក ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នេះថា រថយន្តមួយគ្រឿងខាងលើម៉ាក LUXES RX330 ពណ៌ ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ តួនាទីជាស្នងការរង ទទួលដឹកនាំការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តសៀមរាប មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ចំណែកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងខាងលើម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1J-0595 បើកបរដោយឈ្មោះ សេង កុសល ភេទ ប្រុស អាយុ៥៦ឆ្នាំ (រងរបួសមធ្យម) រស់នៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានដឹកអ្នករួមដំណើរ៤អង្គ/នាក់ ក្នុងនោះរួមមាន ១-ព្រះសង្ឃ ព្រះនាម ពេជ្រ តារា ព្រះជន្ម២៩ព្រះវស្សា (រងរបួសមធ្យម) រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ២-ព្រះសង្ឃ ព្រះនាម ឌុំ ភារម្យ ព្រះជន្ម១៧ព្រះវស្សា (រងរបួសមធ្យម) រស់នៅភូមិរោង ឃុំស្វាយ លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣-ព្រះសង្ឃ ព្រះនាម ប៉ូយ សីហា ព្រះជន្ម៤០ព្រះវស្សា (របួសមធ្យម) រស់នៅភូមិតាទក ឃុំពួក ស្រុកព្រួក ខេត្តសៀមរាប និង៤-ឈ្មោះ MEJI GVTIERREZ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិកូឡំប៊ី (របួសមធ្យម) ស្នាក់នៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងបន្តថា រថយន្តមួយគ្រឿងម៉ាក LUXES RX330 បើកបរមានទិសដៅពីកើតទៅលិច ក៏បុកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងមានដឹកព្រះសង្ឃនិងភ្ញៀវទេសចរ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យម៉ូតូរ៉ឺម៉កកង់បីដួល របួសព្រះសង្ឃនិងភ្ញៀវរដូករណែកលើផ្លូវ និងរងការខូចខាតរថយន្ត១គ្រឿងធ្ងន់ ចំណែកម៉ូតូកង់បីរងការខូចខាតស្រាល ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកនៅមណ្ឌលសុខភាពដានរុន ។ ចំណែកអ្នកបើកបរ ត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ គឺលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលដឹកនាំការិយា ល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តសៀមរាប ដើម្បីឱ្យចូលខ្លួនមកដោះស្រាយជាមួយ ជនរងគ្រោះទាំង៥នាក់ផងដែរ ៕