សមត្ថកិច្ចខេត្តសៀមរាប ចាប់បានគ្រឿងញៀនទម្ងន់ ១២០ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តសៀមរាប៖ បុរសម្នាក់ ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងពិនិត្យទៅលើភស្តុតាងនានា ហើយបានបន្តស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ស្ថិតនៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបានដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន (ice) សរុបចំនួន១២១ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry (គូទហើម) ស្មើនឹងទម្ងន់ ១២០,៦៨៥ ក្រាម។
ករណីចុះបង្រ្កាបនេះ ក្រោមការបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយលោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោក យិន យូឡាយ ព្រះរាជអាជ្ញារង ដោយមានការចូលរួមសហការពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក ផងដែរ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ