ក្រុមហ៊ុនចម្រុះសិល្បករអង្គរ ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជំនួយបច្ចេកទេស និងពិចារណាបង្កាត់ពូជដំណាំមន ដែលធន់នឹងអាកាសធាតុក្ដៅ
ដោយមានការចាត់តាំងពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យ និងទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់រោងតម្បាញសូត្រ របស់ក្រុមហ៊ុនចម្រុះសិល្បករអង្គរ ដែលមានទីតាំងនៅស្រុកពួក ខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និងក្រុមការងារ បានស្វែងយល់អំពីស្ថានភាពនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនចម្រុះសិល្បករអង្គរ ដែលមានគម្រោងពង្រីកផលិតកម្មបន្ថែមនាពេលខាងមុខ។ គម្រោងពង្រីកផលិតកម្ម និងបង្កើនចំនួនសិប្បករតម្បាញ ធ្វើឡើងដោយសារតែកំណើនតម្រូវការសូត្រសម្រាប់ដាក់លក់ជូនដល់អតិថិជន ដែលភាគច្រើនជាភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនាកម្ពុជា។

ក្រុមការងារនៃក្រុមហ៊ុនចម្រុះសិល្បករអង្គរ បានជម្រាបជូនលោកជំទាវ អំពីការដាំឡើងវិញ ដំណាំមន ដែលជាចំណីចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវយកសូត្រ។ យ៉ាងណាក៏ដោយ ការដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង កំពុងជួបបញ្ហាប្រឈម ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ។ តំណាងក្រុមហ៊ុន បានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជំនួយបច្ចេកទេស និងពិចារណាបង្កាត់ពូជដំណាំមន ដែលធន់នឹងអាកាសធាតុក្ដៅ។ បច្ចេកទេសថ្មីៗដើម្បីចិញ្ចឹមដង្កូវនាងឱ្យមានសុខភាពល្អ អាចផលិតសំបុកដែលផ្ដល់សូត្រប្រវែងវែង ក៏ជាកត្តាគន្លឹះដើម្បីនិរន្ដរភាពនៃវិស័យសិប្បកម្មសូត្រផងដែរ។
ជាការឆ្លើយតប លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា លោកជំទាវនឹងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួង អំពីសំណើនេះ។ លោកជំទាវបានរំឭកអំពីប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដែលថា ការដាំដើមមន ចិញ្ចឹមដង្កូវនាង និងសិប្បកម្មសូត្រ គឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានប្រវត្តយូរអង្វែងមកហើយ។

ការងារនេះ បើតាមឯកឧត្តមរដ្ឋមន្ដ្រី វាមិនត្រឹមតែអាចរួមចំណែកជួយថែរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណ ព្រមទាំងដួងព្រលឹងជាតិខ្មែរទៅកាន់ប្រជាជននៃពិភពលោកប៉ុណ្ណោះទេ តែវាក៏នឹងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បង្កើនប្រាក់ចំណូល ក៏ដូចជាកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ៕


