នៅតែមានឈ្មួញឆ្លៀតឪកាស! បន្តដុតកម្ទេចបំណែកសាច់មាន់បង្កក ជិត៤តោន នាំចូលខុសច្បាប់គ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានសហការ ជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល ធ្វើការដុតកម្ទេចចោល បំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលមិនមានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
សូមជម្រាបថា បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤៕