គួរឱ្យភ្ញាក់ផ្អើលណាស់! ក្រុមអ្នកអភិរក្សបានធ្វើកំណាយ ប្រទះឃើញចម្លាក់អណ្តើកមួយ ធ្វើពីថ្មភក់ នៅកណ្តាលស្រះទឹកបុរាណក្នុងតំបន់អង្គរ
ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា ចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំៈបណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ ។
លោកស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពើភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅសារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ៕