បំណែកសាច់ក្របី ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូកបង្កកខូចគុណភាពសរុបជាង ៤តោន ត្រូវបានសមត្ថកិច្ចគយបង្ក្រាបយកទៅដុតកម្ទេចចោល

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានយកបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បានយកទៅដុតកម្ទេចចោល។

បំណែកសាច់ដែលនាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននោះរួមមាន៖

ករណីទី១៖ បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីរាជអាវុធហត្ថ បង្ក្រាបបាន និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរចំនួន៣ គ្រឿង បង្កប់ជាមួយទំនិញផ្សេងៗ នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ករណីទី២៖ ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន ១ ០៥០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេចចោល បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕

 

អត្ថបទពាក់ព័ន្ធ