រុស្ស៊ី នឹងបង្កើនការវាយប្រហារលើមូលដ្ឋានផ្ទុកអាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន

មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើមូលដ្ឋានស្តុកទុករបស់អ៊ុយក្រែន ដែលជាឃ្លាំងអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ខណៈដែលសហរដ្ឋអាមេរិករៀបចំដើម្បីអនុម័ត និងផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលរង់ចាំជាយូរមកហើយ។

លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃសរុបជិត ៦១ ពាន់លានដុល្លារ បន្ទាប់ពីសភាអាមេរិកបានអនុម័តកាលពីថ្ងៃសៅរ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា ទីក្រុងគៀវនឹងទទួលបានប្រព័ន្ធមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយបន្ថែមទៀត ជាផ្នែកនៃកញ្ចប់នេះ។ ចំណែក មន្ត្រីអាមេរិកបានបញ្ជាក់ថា ជំនួយក៏នឹងរួមបញ្ចូលការផ្គត់ផ្គង់គ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មន្ត្រីការពារជាតិ លោក Shoigu បាននិយាយថា ប្រទេសរុស្ស៊ីបានលុបបំបាត់ចោលនូវទេវកថា អំពីឧត្តមភាពអាវុធរបស់លោកខាងលិច ហើយបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមគ្រប់គ្រងស្ថានការណ៍ទូទៅ នៅតាមបណ្តោយសមរភូមិចម្ងាយ ១,០០០ គីឡូម៉ែត្រ។

លោក Shoigu បាននិយាយថាដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាព និងរចនាសម្ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធ និងបង្កើនការផលិតអាវុធ និងឧបករណ៍យោធាដ៏ទំនើបបំផុត។ លោកបានសង្កត់ធ្ងន់ថា យើងនឹងបង្កើនការវាយប្រហារ ទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនលោកខាងលិច និងមូលដ្ឋានផ្ទុកអាវុធ៕

អត្ថបទពាក់ព័ន្ធ