ថៃ គ្រោងនឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារ
បាងកក៖ រដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍ថា ខ្លួននឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅខែមិថុនា ដែលជាការបោះឆ្នោតព្រឹទ្ធសភាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាមួយទសវត្សរ៍មកនេះ។
ព្រឹទ្ធសភាបច្ចុប្បន្ន ដែលមានសមាជិកចំនួន ២៥០រូប ដែលត្រូវបានតែងតាំងដោយរបបយោធា ដែលបានកាន់អំណាចក្នុងឆ្នាំ ២០១៤ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធផល នៃការបោះឆ្នោតសកលកាលពីឆ្នាំមុន។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីថៃ លោក Srita Thavisin បានគាំទ្រផែនការសម្រាប់ដំណើរការបោះឆ្នោតពហុដំណាក់កាលដ៏ស្មុគស្មាញនេះ។ លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើប្រជាមតិ ដើម្បីសួរប្រជាជនថៃថាតើពួកគេនឹងគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលត្រូវបានគូរឡើងដោយរបបយោធា ដែលកាន់អំណាចាកាលពីឆ្នាំ ២០១៧ ដែរឬទេ។
នៅក្នុងដំណើរការនេះ សមាសភាពនៃសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) នឹងត្រូវបានសម្រួលមកត្រឹមចំនួន២០០រូប ដែលនឹងត្រូវបានជ្រើសរើសពីក្រុមតំណាង ២០ វិស័យផ្សេងៗនៃសង្គម ដូចជា យុត្តិធម៌ ការអប់រំ សុខភាពសាធារណៈ ឧស្សាហកម្ម សិល្បៈ កីឡា មនុស្សចាស់ និងជនជាតិភាគតិចជាដើម។
ទោះយ៉ាងណាក៏ដោយ មានតែបេក្ខជនប្រជែងតំណែងសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួមក្នុងដំណើរការបោះឆ្នោតដែលនឹងធ្វើឡើងចំនួនបីជុំ គឺនៅថ្ងៃទី៩ ខែមិថុនា ថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២៦ ខែមិថុនា ខណៈដែលលទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកក្កដា៕
ប្រភព៖ Reuters