Erik Ten Hag ប្រឈមនឹងការកាត់ប្រាក់ខែ បើក្លឹបមិនបានលេង UCL រដូវកាលក្រោយ
បរទេស៖ លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United ប្រឈមមុខនឹងការកាត់ប្រាក់ខែ ប្រសិនបើលោកបរាជ័យមិនអាចជួយឱ្យក្លឹបបិសាចក្រហមឡើងដល់ចំណាត់ថ្នាក់លេខ ៤ ឬ បានលេងនៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ។
លោក Ten Hag បានចូលមករួមរស់ជាមួយក្លឹប Manchester United កាលពីឆ្នាំ២០២២កន្លងទៅ ជាមួយនឹងកុងត្រា ៣ឆ្នាំ។ កុងត្រារបស់លោកជាកុងត្រាដោយផ្អែកលើលទ្ធផល។ នាពេលនេះដែរ លោកកំពុងតែមានប្រាក់ប្រចាំឆ្នាំប្រមាណ ១១,២លានដុល្លារអាមេរិក។ ប្រសិនបើលោកមិនអាចជួយ Manchester United កក់កៅអីនៅ Champions League នោះទេ លោកនឹងត្រូវកាត់ប្រាក់ខែ ២៥ភាគរយ ដោយកាត់ពីជាង ១១លានដុល្លារ នៅសល់ប្រមាណ ៨លានដុល្លារអាមេរិក។
កាលពីរដូវកាល ២០២២/២៣ បុរសជនជាតិហុល្លង់រូបនេះបានដឹកនាំឱ្យបិសាចក្រហមជាប់លេខ ៣ នៅក្នុង Premier League ទោះបីជាពេលនោះ មានរឿងអាស្រូវយាយីជាមួយនឹងអតីតតារាបាល់ទាត់របស់ខ្លួនគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo។
ក្លឹប Manchester United នាពេលនេះដែរកំពុងតែឈរលេខ ៧ នៅតារាងលីគកំពូលអង់គ្លេស ដោយលេងបាន ៣២ប្រកួត និងមាន ៥០ពិន្ទុក្នុងដៃ។ ក្លឹបដែលមានចំណាត់ថ្នាក់លេខ ៤គឺ Aston Villa ដែលលេងបាន ៣៤ប្រកួត និងមាន ៦៦ពិន្ទុ។ ដូច្នេះហើយ បើវិភាគទៅ ខាងបិសាចក្រហមរាងពិបាកខ្លាំងក្នុងការយកលេខ ៤៕
ប្រភព៖ ESPN