(មានវីដេអូ)៖ ស្តែងៗណាស់! ជាងរថយន្តម្នាក់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប


ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តវេអង បើកបុកកិនបុរសម្នាក់ស្លាប់ អូសប្រហែលជាង ១០០ម៉ែត្រ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទីយប់ ត្រូវថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពាន Beeline ផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ សៀង ម៉េងគ័ង អាយុ៣៣ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពព័ត៌មានឲ្យដឹងថា៖ មានរថយន្តមួយគ្រឿង ម៉ាក UD នីសាន់ ប្រភេទក្បាលអូស សណ្តោងរម៉កដឹកជ័រកៅស៊ូ ពាក់ស្លាកលេខ ភ្នំពេញ 3E-1147 និងរម៉កសណ្តោង បំពាក់ផ្លាកលេខ ភ្នំពេញ 4A-9593 មានទិសដៅពីលិចទៅកើត ចំណែកម៉ូតូ ម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1CI-5575 មានទិសដៅពីត្បូងទៅជើង មកដល់ផ្លូវបំបែកជា៤ ខាងលិចស្ពាន បានបត់ទៅទិសខាងកើត ស្របទិសគ្នាជាមួយរថយន្ត លុះមកដល់ចំណុចខាងកើតស្ពានផ្លូវក្រវ៉ាត់ក្រុង ស្រាប់តែរថយន្តបង្កខាងលើបុកកិនពីខាងក្រោយ អូសជនរងគ្រោះបន្តទៅមុខប្រហែលជាង១០០ម៉ែត្រ ធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

តាមប្រភពបានបន្តទៀតថា៖ រថយន្តបង្កខាងលើ បានឈប់ចតនៅត្រង់មុខកន្លែងហាងម៉ាស្សា អ្នកបើកបររថយន្តព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ជូនសមត្ថកិច្ច។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាងមករក្សាទុកនៅទីស្នាក់ការ ដើម្បីបន្តនីតិវិធី៕

រាយការណ៍ & រូបភាព៖ ផុន ភឿន

អត្ថបទពាក់ព័ន្ធ