សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចាប់បានគ្រឿងញៀនទម្ងន់ ៦២០៩,៩៤ ក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ០២នាក់និងវត្ថុតាងថ្នាំញៀនទម្ងន់៦២០៩,៩៤ ក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀននិងដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញ សហការជាមួយគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ធ្វើកាស៊ើបអង្កេតរស្រាជ្រាវរកបទល្មើសគ្រឿងញៀនតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ដោយបង្រ្កាបចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។
ជាលទ្ធផល នៅវេលាម៉ោង០៦និង៤០នាទីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ ដំបូងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ​ ឆេង​ លាង​ ភេទប្រុស​ អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ​សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងចាប់យកវត្ថុតាង​ ម្សៅម៉តស​ ចំនួន៤កញ្ចប់ទម្ងន់ ៣៤៨៧,៩ក្រាម ។
លោកឧត្តមសេនីយ៍ ស្នងការរង បន្តថា៖ក្រោយពីឃាត់ខ្លួនឈ្មោះ​ ឆេង​ លាង នៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃដដែលកម្លាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ​ សាន​ សាណា​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ នៅចំណុច​ ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ។ ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចយើងរកឃើញវត្ថុតាងជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន០១​ និងរថយន្ត១គ្រឿង​ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលដោយមានការសម្របសម្រួល​ ពីលោក​ ព្រះរាជអាជ្ញារង​ លឹម​ ប៊ុនសុភ័ក្រ​ បានឆែកឆេរបន្ទប់ពួកគេស្នាក់នៅ ស្ថិតនៅភូមិ​ក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានរកឃើញ៖ ១.​ ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ។ ២.​ ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១ គ្រាប់ ទម្ងន់ ១៨៥៧,៤៤ក្រាម ។ ៣. ជញ្ជីងចំនួន០២ ។ ៤. គ្រាប់កាំភ្លើងខ្លី៣៣គ្រាប់ ។ ៥. លុយខ្មែរចំនួន ២៥ ០០០ ០០០ រៀល(ម្ភៃប្រាំលានរៀល) ។ ៦. លុយបាតថៃចំនួន ៤០០០០ បាត (បួនម៉ឺនបាត) ។ សរុបសារធាតុញៀនទាំអស់ទម្ងន់៦២០៩,៩៤ ក្រាម ៕

ប្រភព៖  អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទពាក់ព័ន្ធ