រថយន្តពាក់ផ្លាកលេខនគរបាល បើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង បណ្តាលឲ្យយុវជន០២នាក់រងរបួស

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពាក់ផ្លាកលេខនគរបាល ជាមួយម៉ូតូ បណ្តាលឲ្យយុវជនចំនួន ០២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទី ត្រូវថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកចូលបុរីសៀងណាំ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត ពាក់ផ្លាកលេខ នគរបាល 2-4381 មានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកបត់ចូលបុរីសៀងណាំ សង្ស័យតៃកុងបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយម៉ូតូមួយគ្រឿង ពាក់ផ្លាកលេខ សៀមរាប 1AH-2749 មានទិសដៅពីលិចទៅកើត ក្នុងទិសដៅបញ្ចាស់គ្នា បានបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនចំនួន ០២នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងកត់កំណត់ហេតុ ដើម្បីធ្វើការដោះស្រាយបន្តតាមនីតិវិធីផ្លូវច្បាប់៕

រាយការណ៍ដោយ៖ សំណាង ក្រុងសៀមរាប

អត្ថបទពាក់ព័ន្ធ