សូមប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់មួយមេលាយឡំខ្យល់ ផ្គរ និងរន្ទះ បានបាញ់ពលរដ្ឋម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ នៅស្រុកពួក
(សៀមរាប)៖ យ៉ាងហោចណាស់ពលរដ្ឋម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយភ្លៀងមួយមេលាយឡំខ្យល់ ផ្គរ និងរន្ទះ បានបាញ់លើមនុស្សបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១៤ ៖ ៤០ នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចត្រពាំងក្បាលក្របី ស្ថិតក្នុងទឹកដីភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។
បើតាម លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះថា មានភ្លៀង ខ្យល់ និងផ្គររន្ទះបាញ់ នៅលើទឹកដីស្រុកពួក ខេត្តសៀមរាប ដែលនេះទឹកភ្លៀងដំបូងគេ ប៉ុន្តែបែរជាបង្កឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៅវិញ ។
លោក បានបន្តថា ជនរងគ្រោះម្នាក់ឈ្មោះ កុក មិនា ភេទប្រុស អាយុ ១៨ ឆ្នាំ ជាកសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែង) ។ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ នៅ ចាន់ ហៅ ណាំ ភេទប្រុស អាយុ ១៨ ឆ្នាំ ជាកសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក) ។
លោក បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើ ជនរងគ្រោះមានគ្នា ០៣ នាក់ (ម្នាក់ទៀតជាឪពុកឈ្មោះ តិត កុក អាយុ ៥៣ ឆ្នាំ) កំពុងព្យួរស្រែ ដោយប្រើគោយន្តកន្ត្រៃ ខណៈពេលនោះឪពុកជាអ្នកភ្ជួរ ហើយកូនប្រុស និងក្មួយ ០២ នាក់ខាងលើ កំពុងឈរមើល ស្រាប់តែមានភ្លៀង និងផ្គររន្ទះបាញ់មកចំតែម្ដង ។
ក្រោយហេតុការណ៍ ឪពុកបានរត់មកហៅបងប្អូននៅក្នុងភូមិរំដួល ចម្ងាយប្រហែល ០២ គីឡូម៉ែត្រ ដើម្បីទៅជួយសង្គ្រោះដឹកជនរងគ្រោះ ( កូន និងក្មួយ) មកមណ្ឌលសុខភាពឃុំរើល តែជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកពួក ។
បច្ចុប្បន្ន សព ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពួក ធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕