ម៉ាកយីហោហាងកាហ្វេល្បីរបស់ថៃចំនួនពីរ ចាប់ផ្ដើមត្រលប់ទៅស្រុកវិញ ក្រោយល្បីនៅកម្ពុជាបានមួយឆាវ

ហាងកាហ្វេដែលបងប្អូនឃើញបើកសាខាច្រើននៅភ្នំពេញ និងបណ្ដាខេត្តគឺហាង Coffee Today ។ ហាងកាហ្វេមួយនេះ ចាប់ផ្ដើមចូលមកកាន់ទីផ្សារប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ២០១៦ ឬ២០១៧ ហើយកាលនោះ អាជីវករកម្ពុជាជាច្រើនបាននាំគ្នាទិញ ហ្វ្រេនឆាយ ឬទិញសិទ្ធិអាជីវកម្មលក់បន្តយ៉ាងព្រោតព្រាត ជាក់ស្ដែងនៅភ្នំពេញ កាលនៅអំឡុងឆ្នាំ ២០១៧ ដល់២០២០ ហាងកាហ្វេមួយរីកដូចផ្សិត តែមកដល់ពេលនេះ ស្ទើរតែលែងមានទៅហើយ ដោយម្ចាស់ទីតាំងកាហ្វេបានបិទ និងប្តូរយីហោកាហ្វេផ្សេងបាត់ទៅហើយ ។
ហាងកាហ្វេល្បីមួយទៀត កាលក្នុងអំឡុងពេលដូចគ្នានេះដែរ ហាងកាហ្វេយីហោ Arabitia ( អារ៉ាប៊ីធា ) ដែលជាប្រែនរបស់ប្រទេសថៃ និងបើកសាខាយ៉ាងច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ។កាលនោះ ហាងកាហ្វេមួយនេះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពី ប្រជាពលរដ្ឋកម្ពុជាដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េចហាងកាហ្វេមួយនេះ ក៏មានវាសនាដូចនឹង កាហ្វេធូដេយ៍ ដែរ ពោលគឺបានត្រលប់ទៅស្រុកកំណើតដើមវិញហើយ ។
ជាការកត់សម្គាល់យីហោហាងកាហ្វេទាំងពីរនេះ ចាប់ផ្ដើមបិទសាខាជាបន្តបន្ទាប់នៅក្នុងអំឡុងវិបត្តិកូវីដ១៩ ពោលគឺ នៅក្នុងពេលរដ្ឋាភិបាលដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយឱ្យម្ចាស់អាជីវកម្មហាងកាហ្វេលក់សម្រាប់តែវេចខ្ចប់ ដោយមិនអនុញ្ញាតឱ្យភ្ញៀវចូលអង្គុយពីសាក្នុងហាងឡើយ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ។ម្ចាស់ហាងដែលមិនមានទុនគ្រប់គ្រាន់បើបិទអាជីវកម្មភ្លាមៗ តែម្ចាស់ហាងដែលមានទុនអាចទប់ទល់បានរហូតដល់ចប់កូវីដ១៩ ហើយក៏ចាប់ផ្ដើមបិទ ហាងជាបន្តបន្ទាប់ទៀតក្រោយវិបត្តិបានឆ្លងផុត និងចូលមកដល់វិបត្តិសេដ្ឋកិច្ចសកល ៕