(មានវីដេអូ)៖ អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់មួយខ្នង នៅស្រុកគងពិសី ដោយសារឆ្លងចរន្តអគ្គិសនី
ខេត្តកំពង់ស្ពឺ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុង ដោយសារទុស្សេឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការផ្អើលតែម្ដង ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ០២ ៖ ៣០ នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៉ែន បញ្ញា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។ ផ្ទះជនរងគ្រោះសង់អំពីថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ ០៦ ម៉ែត្រ x ០៨ ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់សល់តែគ្រោង ឆេះរោលខ្លោចអស់ទាំងទ្រព្យសម្បត្តិ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០២ គ្រឿង ប្រើទឹកអស់ចំនួន ០២ ឡាន ដោយប្រើរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ចំនួន ០២ គ្រឿង ប្រើទឹកអស់ចំនួន ០២ ឡាន និងរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០១ ឡាន ផងដែរ ។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ មិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ ៕