រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជិត ៩០គ្រាប់ ខណៈអង្គភាពកម្ចាត់មីន បានដោះមីននៅចំណុចដីមួយកន្លែង
(បន្ទាយមានជ័យ) ៖ មន្ត្រីអង្គភាពកម្ចាត់មីន (CMAC) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដោះមីន នៅចំណុចដីមួយកន្លែង មានទំហំ ០៧ ហិកតា មានម្ចាស់ឈ្មោះ កុក អាន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ០៤ ប្រភេទ សរុប ៨៩ គ្រាប់ ។
នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ រួមមាន៖ ១-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅ USA ២-គ្រាប់ត្បាល់ 82 mm ចំនួន ០២ គ្រាប់ ផលិតនៅប្រទេសចិន ៣-ក្បាលផ្ទុះ ចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិន និង៤-ម៉ីន POMZ ចំនួន ០១ គ្រាប់ ផលិតនៅប្រទេសសូវៀត ។
គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ គុណភាពខូចទាំងស្រុង ត្រូវបានមន្ត្រីអង្គភាពកម្ចាត់មីន (CMAC) យកទៅកម្ទេចចោលផងដែរ ៕