ក្រុមហ៊ុនគ្រឿងចក្រមួយ ធ្វើសកម្មភាពជីកកាយដឹកលក់អាចម៍ដីដោយគ្មានច្បាប់អនុញ្ញាត ជ្រកក្រោមស្លាកគម្រោងស្តារអាងទឹក ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពសារព័ត៌មាន ធីញូស៍ បានទទួលដំណឹងពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមហ៊ុនគ្រឿងចក្រមួយក្រុម បានធ្វើសកម្មភាពជីកកាយលក់អាចម៍ដី ដោយគ្មានច្បាប់អនុញ្ញាតពីស្ថានប័នជំនាញពាក់ព័ន្ធ ដោយជ្រកក្រោមស្លាកគម្រោងផ្តល់សិទ្ធិទៅក្រុមហ៊ុនដំបូងមានឈ្មោះ សេង មង្គល ជាអ្នកធ្វើអាជីវកម្មលើគម្រោងនេះ។
លោក ពុត កុសន អ្នកយកមាន ធីញូស៍ បានចុះទៅដល់ទីតាំងជីកកាយលក់អាចម៍ដីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃធំ និងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃើញក្រុមហ៊ុនគ្រឿងចក្រមួយ កំពុងធ្វើសកម្មភាពដឹកអាចម៍ដីចេញចូលជាធម្មតា។
អ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកអភិបាលរងក្រុងសៀមរាប ដើម្បីសាកសួរជុំវិញរឿងខាងលើនេះ លោក ឆៃ យង់ ជាអភិបាលរង បានប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុនដំបូងមានឈ្មោះ សេង មង្គល ជាអ្នកធ្វើអាជីវកម្មលើគម្រោងនេះ ចំណែកក្រុមហ៊ុនមកក្រោយនេះជាក្រុមហ៊ុនទើបមកថ្មី។ លោក ឆៃ យង់ បានបន្ថែមទៀតថា៖ ក្រុមហ៊ុនទើបមកថ្មីនេះ អត់អោយមានការដឹកដីចេញចូលបានទេ ដោយមិនទាន់មានច្បាប់ធ្លាក់មក។
អ្នកយកមានយើងក៏បានទាក់ទងទៅលោក នួន ពុទ្ធធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីសាកសួរព័ត៌មានបន្ថែមទៀត តែលោកពុំមានការបកស្រាយជុំវិញករណីនេះទេ ហើយលោកបានចង្អុលឲ្យអ្នកសារព័ត៌មានយើងទាក់ទងសាកសួរពីលោកស្រី ចៅសង្កាត់ស្រង៉ែវិញ ភ្លាមៗអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ លោកស្រី រួន ជាចៅសង្កាត់ស្រង៉ែ តេចូលបានចុចទទួល លឺថាជាអ្នកសារព័ត៌មានក៏ចុចផ្តាច់លេខទៅវិញ។
ជុំវិញរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុនគ្រឿងចក្រមួយនេះបានធ្វើសកម្មភាពជីកកាយលក់អាចម៍ដីល្បាយខាងលើ យ៉ាងអនាធិបតេយ្យ ក្នុងអាច់ដីមួយឡាន លក់ក្នុងតម្លៃ ៦០ ០០០រៀល ហើយមានអ្នកដាក់តម្លៃពីលើលក់បន្តតម្លៃ ៦៥ ០០០រៀល ប្រជាពលរដ្ឋបានបន្តទៀតថាការជីកកាយនេះ ខុសពីទីតាំងនៃគម្រោងជីកស្តារកែលម្អអាងទំនប់ទឹក៧៨ និងខុសពីទីតាំងត្រពាំងចំនួន ២កន្លែង ការជីកនេះធ្វើឲ្យមានផលប៉ះពាល់សម្បត្តិធម្មជាតិនៃដែនព្រៃលិចទឹក។
ក្រុមហ៊ុនគ្រឿងចក្រនេះបានធ្វើសកម្មភាពជីកកាយដឹកលក់អាចម៍ដី សង្ស័យមានការផ្តល់ភ្លើងខៀវពីអាជ្ញាធរ បានជាដឹកចេញចូលទាំងគ្មានច្បាប់អនុញ្ញាតពីស្ថានប័នជំនាញពាក់ព័ន្ធ ដោយគ្មានញញើតច្បាប់សោះឡើយ។
សូមរំលឹកថា គម្រោងជីកស្តារកែលម្អអាងទំនប់ទឹក៧៨ និងត្រពាំងចំនួន ២កន្លែង ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាបនេះ ចេញលិខិត លេខ ១៥០/២៣ ស.ជ.ណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតជីកស្តារកែលម្អអាង ទំនប់ទឹក៧៨ និងស្តារត្រពាំងចំនួន ២កន្លែង ដែលមានទំហំសរុបចំនួន ១០.៥ហិកតា រួមមាន ស្តារអាង ទំនប់ទឹក៧៨ ទំហំ ១០០ ០០០ម៉ែត្រការ៉េ (១០ហិកតា) ស្ថិតនៅភូមិស្រង៉ែ ស្តារត្រពាំងគ្រួស ទំហំ ៤០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រង៉ែ និងស្តារត្រពាំងកូនក្មេង ទំហំ ១០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រៃ ដើម្បីស្តុកទឹកសម្រាប់ផ្គត់ផ្គង់ដីកសិកម្មចំនួន ៤៤២ហិកតា របស់ប្រជាពលរដ្ឋ ចំនួន ១៧៩គ្រួសារ នៅក្នុង ភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និងសម្រាប់បម្រើប្រយោជន៍សាធារណៈក្នុង សហគមន៍។ និងកិច្ចព្រមព្រៀងសហការ រវាង ក្រុមប្រឹក្សាសង្កាត់ស្រង៉ែ និង លោក សេង មង្គល ចេញលិខិត លេខ ៥៣៥ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់សាលាសង្កាត់ស្រង៉ែ។
ប្រជាពលរដ្ឋសូមស្នើសុំលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយពិនិត្យមើលករណីខាងលើនេះ កុំអោយមានការធ្វើអាជីវកម្មណាមួយដោយគ្មានច្បាប់អនុញ្ញាត កុំឳ្យមានជនណាម្នាក់ឆ្លៀតឳកាសរកផលប្រយោជន៍ ធ្វើឲ្យប៉ះពាល់សម្បត្តិធម្មជាតិនៃដែនព្រៃលិចទឹក។