បុរសម្នាក់បាត់បង់ជីវិត ដោយសារឡានក្រុងវីរៈប៊ុនថាំ បើកបុកពេញទំហឹង នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តក្រុងជាមួយរថយន្ត ១តោនកន្លះ ដឹកពងមាន់ពងទា និងម៉ូតូសង់ឌ្រីមមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ជាតៃកុងរថយន្ត ១តោនកន្លះ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងព្រូឡានរងរបួសស្រាល ចំណែកភាគីម៉ូតូរងរបួសម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០និង៥០នាទីយប់ ត្រូវថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងកើតផ្សារអង្រ្កង ក្នុងភូមិស្វាយជ័យ ឃុំត្រាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មានរថយន្តក្រុងមួយគ្រឿង ជារបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាក Hyundai ពណ៌សឆ្នូតទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3D-8142 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (រថយន្តក្រុងមានដឹកភ្ញៀវជនជាតិបរទេសពេញ) ដោយចេញដំណើរពីខេត្តសៀមរាបទៅភ្នំពេញ មានទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុខាងលើបានឡើងវ៉ាជែងរថយន្ត ក៏ជ្រុលចូលទៅបុករថយន្តមួយគ្រឿង ម៉ាក Frontier 1.5t ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-5980 បើកបរដោយបុរសម្នាក់ជាជនរងគ្រោះមានឈ្មោះ ធី សាន ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង រួមដំណើរជាមួយបុរសម្នាក់ទៀតជាព្រូរថយន្ត បានរងរបួសស្រាល ពេលនោះផងដែររថយន្តក្រុងបន្តបើកទៅមុខដើម្បីអែបគៀនឈប់ តៃកុងបើករថយន្តក្រុងបានចុះរត់គេចខ្លួនគេចចេញពីកន្លែងកើតហេតុ ភ្លាមៗនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Dream C125 ពាក់ផ្លាកលេខ សៀមរាប 1J-6143 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកផ្នែកមុខនៃរថយន្តក្រុងកំពុងចតឈប់ រងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងម៉ូតូ និងរថយន្ត ២គ្រឿង យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីផ្លូច្បាប់។