មានករណីចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មួយកន្លែង នៅក្រុងសំរោង
ខេត្តឧត្តរមានជ័យ ៖ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាតករចាក់សម្លាប់ជាច្រើនកាំបិត ដើម្បីប្លន់យកទ្រព្យសម្បត្តិ នាវេលាទាបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។ បើតាមសមត្ថកិច្ចក្រុងសំរោង បានឱ្យដឹងថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ មានឈ្មោះ សួស សត្ថា អាយុ ៥៥ឆ្នាំ ។
តាមការសន្និដ្ឋាន មុនធ្វើសកម្មភាព ឃាតករបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ហើយក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ទើបធ្វើការចាក់ទៅលើជនរងគ្រោះដោយដែកមុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខ ចំនួន ០២ កាំបិត និងចាក់ខាងក្រោយកញ្ចឹងក ចំនួន ០២ កាំបិត ព្រមទាំងវាយក្បាលយ៉ាងដំណំ ហើយបានប្រមូលយកវត្ថុមានតម្លៃ រួមមាន ខ្សែ-កមាស ទម្ងន់ ០៥ ដំឡឹង ០៥ ជី មួយខ្សែ, ចិញ្ចៀនមាស ទម្ងន់ ០១ ដំឡឹង ០៥ ជី មួយវង់, ទូរសព្ទអាយហ្វូន ០១ គ្រឿង និងអិនចុចពិល ០១ គ្រឿង ព្រមទាំងលុយក្នុងកាបូបមួយចំនួន ។
ក្រោយធ្វើសកម្មភាពរួច ជនសង័្សយជាឃាតករ បានបើករថយន្តរបស់ជនរងគ្រោះ ម៉ាក Toyota Cross ពណ៌ស ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2C-1112 យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនដោយសុវត្ថិភាព ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕