រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០គ្រាប់ ត្រូវបានក្រុមជាងប្រទះឃើញ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាម ជាង ២០ គ្រាប់ ត្រូវបានក្រុមជាងប្រទះឃើញ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមជាងបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ០២ ទីតាំងផ្សេងគ្នា សរុបចំនួន ២៣ គ្រាប់ ។

ករណីទី ០១ ប្រទះឃើញនៅត្រង់ចំណុចក្រុមទី១២ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាប្រភេទគ្រាប់ B-40 ចំនួន ០៣ គ្រាប់ ពេលដែលក្រុមជំនាញគ្រឿងចក្រកាយដី ដើម្បីដាក់ប្រព័ន្ធលូទឹក និងករណីទី ០២ រកឃើញនៅត្រង់ចំណុចក្រុមទី០១ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពេលដែលមន្រ្តីបច្ចេកទេស ចុះពិនិត្យបោសសម្អាតមីនលើទីតាំងគម្រោងដីសាងសង់អាគារសាលប្រជុំ នៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ 60 mm ចំនួន ០១គ្រាប់, ក្បាលផ្ទុះគ្រាប់កាំភ្លើងត្បាល់ ទំហំ 60 mm ចំនួន ១៥ គ្រាប់, គ្រាប់បែកដៃប្រភេទ 82-2 ចំនួន ០១ គ្រាប់ និងប្រភេទ B-40 ចំនួន ០៣ គ្រាប់ ផងដែរ ។

ក្រោយការប្រទះឃើញ មន្ត្រីជំនាញអង្គភាពកម្ចាត់មីនខេត្តបាត់ដំបង បាននាំយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើ នាំយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព រង់ចាំពេលវេលាកម្ទេចចោលពេលក្រោយ ៕

អត្ថបទពាក់ព័ន្ធ