គ្រោះថ្នាក់ណាស់! ចាប់បានសាច់បង្កកនាំចូលពីវៀតណាមតាមច្រកជ្រៃធំ ប្រមាណជាង ៦តោន ត្រូវបានដុតកម្ទេចចោល
ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យ សាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបចំនួន ៦.០៥ តោន ។
ក្នុងនោះមន្រ្តីជំនាញ បានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORAL ចំនួន ១០០ កេស (១កេស=២១គីឡូក្រាម) = ២១០០ គីឡូក្រាម (ប្រភពប្រទេសឥណ្ឌា) សាច់ជ្រូកបង្កកម៉ាក APK ចំនួន ២០០ កេស (១កេស=១៧គីឡូក្រាម) = ៣៤០០ គីឡូក្រាម (ប្រភពប្រទេសរុស្ស៊ី) មឹកបង្កក ម៉ាក FRESH ចំនួន ៥០ កេស (១កេស=១១គីឡូក្រាម) = ៥៥០ គីឡូក្រាម (ប្រភពប្រទេសចិន) សរុបទាំងអស់ចំនួន ៦.០៥០ គីឡូក្រាម ដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះ បានខូចគុណភាពទៅហើយ ។
ដោយមានការឯកភាពពី ព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោល សាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយ និងរដ្ឋាករជ្រៃធំ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ប្រសិនបើផលិតផលសាច់បង្កកទាំងនោះ បានលក់នៅលើទីផ្សារ ៕