ជនសង្ស័យម្នាក់ឆក់ខ្សែ-កបានហើយ តែទាក់ចង្កូតម៉ូតូបណ្តាលឱ្យដួល ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែ-កពីកម្មការិនីរោងចក្រម្នាក់ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូក្នុងទិសដៅស្របគ្នា ហើយក្រោយពេលឆក់បានសម្រេចហើយ បានព្យាយាមជិះម៉ូតូគេចខ្លួន ។ ប៉ុន្តែបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួលទាំងអស់គ្នា ពេលនោះជនរងគ្រោះបានស្រែកថា ចោរៗបង្កឱ្យមានការភ្ញាក់ផ្អើល ទើបត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយទាត់ធាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវលាម៉ោង ០១ រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវទួលពង្រ ត្រង់ចំណុចស្ពានទួលពង្រ ខាងជើងផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នាងមានឈ្មោះ ឈឿន សុខឡូត អាយុ ១៧ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិកើតហេតុនោះដែរ ។
នៅមុនពេលកើតហេតុ នាងមានគ្នា ០២ នាក់ បានជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1O-9726 ចេញពីធ្វើកាតធនាគារវីង នៅម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆ្ពោះទៅផ្ទះជួល ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
នារីជាកម្មការិនីរូបនោះ បានប្រាប់ឱ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KH-4811 ដេញតាមក្រោយនាង រួចធ្វើសកម្មភាពឆក់ខ្សែ-កពីនាងបានសម្រេច បន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួន ខណៈនោះម៉ូតូជនសង្ស័យបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូរបស់នាង បណ្ដាលឱ្យដួលទាំងអស់គ្នា ហើយនាងស្រែកឆោឡោថា ចោរៗបង្កឱ្យមានការភ្ញាក់ផ្អើល ទើបជនសង្ស័យរត់មិនរួច បន្ទាប់មកប្រជាពលរដ្ឋចាប់បាន រួចនាំគ្នាវាយទាត់ធាក់ បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឆក់បានខ្សែ-ក ប្លាទីន ០១ ខ្សែ ពីនារីរងគ្រោះ ប៉ុន្តែក្រោយពេលចាប់ខ្លួន ត្រូវបានដកហូតមកវិញ ហើយខណៈនោះប្រជាពលរដ្ឋច្រើនណាស់ ផ្ទុះកំហឹង បាននាំគ្នាវាយទាត់ធាក់ និងចាប់ចងដៃចងជើងជនសង្ស័យថែមទៀតផង ។
ករណីនេះដែរ បើកុំតែបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេល ប្រហែលជននោះ ត្រូវក្សិណក្ស័យបាត់ទៅហើយ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ បាននាំយកជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់ ៕