ក្រុមចោរប្លន់វ័យក្មេង ២នាក់ ត្រូវអាវុធហត្ថខេត្តសៀមរាបចាប់បានហើយ ពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ
ខេត្តសៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនក្រុមចោរប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០យប់ ត្រូវថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ ត្រីប៉ោ វណ្ណនិត មេបញ្ជាកាអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
ជនសង្ស័យមានឈ្មោះ ទ្រី សុជា ភេទស្រី អាយុ ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាបចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ អ ប ឡ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ, ទូរសព្ទ ២គ្រឿង, លោហធាតុពណ៌លឿងចិញ្ជៀន ២វង់ និងម៉ូតូម៉ាក ហុងដាឃ្លីក ១គ្រឿង។
សូមរំលឹកថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ីនាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ នៅវេលាម៉ោង ៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕
បច្ចុប្បន្ននេះការិយាល័យជំនាញខេត្តសៀមរាប បានបញ្ជូនជនសង្ស័យ និងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តតាមនីតិវិធី។ សូមបញ្ជាក់ថា ចំពោះមូលហេតុនៃការប្លន់សម្លាប់នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។