នាយឧត្តមសេនីយ៍ ស ថេត បញ្ជាក់ថា បញ្ហាក្មេងទំនើងត្រូវអនុវត្តដាច់ខាត ស្នងការនគរបាលខេត្តណាបណ្តោយឲ្យមានក្មេងទំនើងត្រូវទទួលខុសត្រូវចំពោះមុខ
ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា បញ្ហាក្មេងទំនើងត្រូវអនុវត្តដាច់ខាត ស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយអោយមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ។
ការបញ្ជាក់បែបនេះក្នុងឪកាសដែល ឯកឧត្តមឧបនាយកឧត្តមសេនីយ៍ អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលញមិញនេះ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ទើបទទួលតំណែងថ្មីត្រូវបន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនដែលកំពុងជាចំនុចក្តៅ និងកំពុងពង្វក់អនាគតក្មេងដែលជាទំពាំងស្នងឬស្សី បញ្ហាល្បែងស៊ីសងឆ្នោតផ្សងសំណាងដែលបានរីកសាយភាយគ្រប់ទីកន្លែង ក៏សូមយកចិត្តទុកដាក់។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងសូមអបអរសាទរលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ដែលត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕