អង្គភាពស៊ីម៉ាក់ រកឃើញគ្រាប់មិនទាន់ផ្ទុះជាង ២០០តោន នៅក្រោមទឹកទន្លេ និងសមុទ្រ
អង្គភាពស៊ីម៉ាក់ បានសម្រេចប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលលិចនៅក្រោមទឹក តាំងពីសម័យសង្គ្រាមបានរហូតដល់ទៅ ២២៨តោន ក្នុងរយៈពេល ១៥ខែ ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបាន ចំនួន ២៣.៧២២ គ្រាប់ និងបំណែកនាវា ចំនួន ២៥.៤៩០Kg ដែលគិតជាទម្ងន់សរុប ចំនួន ២២៨តោន ។
លោក ហេង រតនា បានបន្តថា នេះគឺជាលទ្ធផលដែលលោកបានរាយការណ៍ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេ និងសមុទ្រ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ ។
ជុំវិញសមិទ្ធផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង និងកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌក្រោមទឹក ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។
លោក បានបន្តថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺត្រូវតែបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងការដឹកជញ្ចូន ព្រមទាំងសុវត្ថិភាពក្នុងការធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក ៕