រថយន្តCAMRYហើម បើកក្នុងស្ថានភាពស្រវឹង ទៅបុករថយន្ត JEEP នៅមុខព្រះរាជដំណាក់ក្រុងសៀមរាប
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត Camry ហើម បុកគ្នាជាមួយរថយន្ត Jeep បានបណ្ដាលឱ្យរងការខូចខាតទាំងសងខាង ចំណែកមនុស្សពុំមានរងរបួសឡើយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២និង៤៩នាទីយប់ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខព្រះរាជដំណាក់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មានរថយន្តមួយគ្រឿង ម៉ាក Camry ហើម ពណ៌ផ្លែឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2A-0991 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដោយឃើញមានស្ថានភាពស្រវឹង បើកបរមានទិសដៅពីកើតទៅលិចឆ្លងស្ពានមុខព្រះរាជដំណាក់បត់ស្តាំទៅទិសខាងជើង ក៏បានជ្រុលទៅបុកផ្នែកខាងមុខ រថយន្តមួយគ្រឿងទៀត ម៉ាក Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2919 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង ក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើក៏រថយន្ត Camery វេចង្កូតចូលគន្លងខាងរថយន្ត Jeep បុកចំផ្ទៃខាងមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង។ ចំណែកអ្នកបើកបរទាំងសងខាងពុំមានរងរបួសឡើយ។
ក្រោយពីកើតហេតុឃើញសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង ដើម្បីធ្វើការវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងទាំងពីរយកទៅរក្សាទុក្ខនៅស្នាក់ការរងចាំការដោះស្រាយតាមនីតិវិធីច្បាប់។
រាយការណ៍ដោយ៖ សាំង សំណាង