ឆេះហាងកាហ្វេ និងហាងលក់គ្រឿងសម្ភារផ្ទះបាយ បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិជាច្រើន នៅក្នុងក្រុងសៀមរាប


ខេត្តសៀមរាប៖ ករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងចំនួន ០២កន្លែង ស្ថិតនៅក្នុងក្រុមទី១១ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១៦និង១៥នាទីរសៀលល្ងាច ត្រូវថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះហាងកាហ្វេ យីហោ ដេគ័រទីសុខហេង បណ្តាលឲ្យខូចខាតសម្ភារមួយចំនួនរួមមាន៖ ម៉ាស៊ីនភ្លេីង ចំនួន ០១គ្រឿង, កុំព្យូទ័រលេីតុ ចំនួន ០៣គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង, ទូរទស្សន៍ ចំនួន ០៦គ្រឿង, ម៉ូតូហុងដាឌ្រីមផលិតឆ្នាំ២០១៩ ចំនួន ០១គ្រឿង, សាឡុងឈេី ចំនួន ០១ឈុត, គោយន្តកន្ត្រៃ ចំនួន ០១គ្រឿង និងគ្រឿងសម្ភារសម្រាប់ធ្វេីចំការ រួមទាំងឯកសារផ្សេងៗមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តទៀតថា៖ ករណីអគ្គិភ័យខាងលើនេះបានបន្តឆេះរាលដាលដល់ទីតាំងលក់គ្រឿងសម្ភារផ្ទះបាយយីហោ ហូម ស្តរ ដែលមានទីតាំងស្ថិតនៅក្បែរគ្នា បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន។

នៅក្នុងហេតុការណ៍ករណីនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកងកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យសរុប ចំនួន ១០គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគិ្គភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន ០៥គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គភាពនគរបាលការពារបេតិកភណ្ឌចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់សរុបចំនួន ២១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕

អត្ថបទពាក់ព័ន្ធ