ទាហានថៃប្រទះឃើញគ្រាប់កាំភ្លើងយន្ត ចំនួន ០៦កេស នៅក្បែរព្រំដែនកម្ពុជា

ប្រទេសថៃ៖ គ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០៦ កេស ស្មើនឹងចំនួន ៥១០ គ្រាប់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ដើរល្បាតប្រទះឃើញគេលាក់ទុកនៅក្បែរព្រំដែនកម្ពុជា កាលពីរសៀលថ្ងៃទី០៣ មិថុនា នៅចំណុចភូមិណងបន ឃុំធុងកាណាន ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីព្រំដែន ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចព្រំដែន បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្ត ធុនធ្ងន់នេះ ត្រូវបានទាហានថៃ ប្រទះឃើញច្រកក្នុងការ៉ុង ចំនួន ០២ កប់ក្នុងរណ្ដៅ និងគ្របពីលើដោយស្លឹកឈើ នៅក្នុងព្រៃមួយកន្លែង នៅក្បែរព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែគេមិនទាន់ដឹងពីប្រភពច្បាស់លាស់ នៃគ្រាប់កាំភ្លើង ឬ ជនអានាមិក ដែលលាក់ទុកគ្រាប់នេះនោះទេ ។

ប្រភពដដែល បានបញ្ជាក់ថា គ្រាប់កាំភ្លើង ធុន ១២,៧ ម.ម មានចំនួន ០៦ កេស ស្មើនឹងចំនួន ៥១០ គ្រាប់ នៅមានគុណភាពល្អ ថ្មីស្រឡាងតែម្ដង ។

គេនៅចាំបានថា កាលពីអំឡុងដើមឆ្នាំ២០២៤ ក្រុមទាហានឈុតខ្មៅថៃ ក៏ធ្លាប់ចេញដើរល្បាត ប្រទះឃើញអាវុធយុទ្ធភណ្ឌ និងគ្រាប់កាំភ្លើងជាច្រើនប្រភេទដែលជនមិនស្គាល់មុខលាក់ទុកនៅក្នុងទឹកដីនៃប្រទេសថៃ ក្បែរព្រំដែនកម្ពុជា ត្រង់ចំណុចដដែលនេះ ចំនួន ០៣ លើក កន្លងមកហើយ ហើយលើកនេះជាលើកទី០៤ ។ គ្រាប់ និងអាវុធយុទ្ធភណ្ឌទាំងនោះ ត្រូវកម្លាំងទាហានថៃ ប្រទះឃើញច្រកក្នុងការ៉ុង កប់ក្នុងដីនិងគ្របមែកឈើ ក្បែរចម្ការមៀនមួយកន្លែង នៅក្នុងឃុំធុងកាណាន ស្រុកសយដាវ ខេត្តច័ន្ទបូរី ជិតអូរព្រំដែនកម្ពុជា-ថៃ (ចំណុចខាងលើ) ។

គួរជម្រាបផងដែរថា កាលពីដើមឆ្នាំ២០២៤ ក្រុមទាហានថៃ បានរកឃើញ ៖
លើកទី១ នៅថ្ងៃទី០៩ ខែមករា ដែលមានកាំភ្លើង ធុន AK-47 ចំនួន ២២ ដើម, កាំភ្លើង ធុន M-16 ចំនួន ១៥ ដើម, គ្រាប់បែកដៃចំនួន ១៤០ គ្រាប់, កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០១ ដើម និងគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ៥១០ គ្រាប់ ។

លើកទី២ ទាហានថៃ បានរកឃើញគ្រាប់កាំភ្លើងបន្ថែមទៀត នៅថ្ងៃទី២២ ខែមករា ក្បែរកន្លែងដដែល ដោយរកឃើញគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ១២ កេស ស្មើនឹងចំនួន ១.០២០ គ្រាប់ ។

លើកទី៣ ក្រុមទាហានថៃដដែល បានរកឃើញគ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០៣ កេសបន្ថែមទៀត នៅរសៀលថ្ងៃទី១១ ខែមីនា ក្បែរកន្លែងដដែលទៀត ក្នុងទឹកដីថៃ ចម្ងាយពីព្រំដែនកម្ពុជា-ថៃប្រមាណ ៣០០ ម៉ែត្រ ។

និងលើកទី០៤ នេះ រកឃើញនៅថ្ងៃទី០៣ ខែមិថុនា គ្រាប់កាំភ្លើង ធុន ១២,៧ ម.ម ចំនួន ០៣ កេសទៀត ស្មើនឹងចំនួន ៥១០ គ្រាប់ ។

បើយោងលើព្រឹត្តិហេតុ នៃការរកឃើញអាវុធយុទ្ធភណ្ឌ ចំនួន ០៤ លើក នៅក្នុងទឹកដី នៃប្រទេសថៃ ជាបន្តបន្ទាប់ខាងលើនេះ គឺ គ្រាប់ និងអាវុធទាំងនេះ ត្រូវបានជនមិនស្គាល់មុខ នាំយកទៅកប់ដីលាក់ទុកក្នុងទឹកដីប្រទេសថៃ នៅកន្លែងក្បែរៗគ្នា ហើយគេមិនទាន់ដឹងថា តើគ្រាប់ និងអាវុធយុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ត្រូវគេនាំចូល ឬ នាំចេញពីប្រភពណាឱ្យប្រាកដនោះទេ ដែលយកទៅលាក់ទុកក្នុងទឹកដីថៃ ក្បែរព្រំដែនកម្ពុជា ទើបត្រូវទាហានថៃ ដើរល្បាតប្រទះឃើញជាបន្តបន្ទាប់បែបនេះ ៕

អត្ថបទពាក់ព័ន្ធ