ចាប់បានជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធនឹងករណីលួចឆក់ត្រី នៅក្នុងបឹងទន្លេសាប
(សៀមរាប) ៖ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប សហការជាមួយអាជ្ញាធរក្រុងសៀមរាប និងផ្នែករដ្ឋបាលជលផលចុងឃ្នៀស ដឹកនាំដោយ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានចុះបង្ក្រាបបទល្មើសជលផល ខណៈពេលនោះ ក្រុមការងារឃាត់ចាប់បានជនសង្ស័យជាជនជាតិវៀតណាម ចំនួន ០២ នាក់ ដែលបានប្រព្រឹត្តបទល្មើសនេសាទ ប្រើដោយឧបករណ៍អ៊ួនអូស នៅលើបឹងទឹកសាប រួមផ្សំខ្សែភ្លើងឆក់ត្រី ដែលជាបទល្មើសជលផលខុសច្បាប់ ត្រូវបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត ។
ហេតុការណ៍ចុះបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវទឹកកប៉ាល់ ក្នុងបឹងទន្លេសាប ក្នុងភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងនោះដែរ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នេះថា ជនង្ស័យ (វៀតណាម) ទាំង ០២ នាក់ រួមមាន៖ ទី១-ឈ្មោះ ង្វៀង យ៉ាំងលី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកនេសាទ មានទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប និងទី២-ឈ្មោះ ចាំង យ៉ាំងអ៊ុក ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន៖ ឧបករណ៍ល្មើសច្បាប់ប្រើអ៊ួនអូស រួមផ្សំដោយ ខ្សែភ្លើងឆក់ត្រី, កាណូតសំបកកាវ ចំនួន ០១ គ្រឿង, សាច់អ៊ួន ប្រវែង ៣៥ ម៉ែត្រ សាច់មុខ ២០ ម៉ែត្រ ក្រឡា ០,០៨ ម៉ែត្រ និង ០,១៥ ម៉ែត្រ, ខ្សែទាញ ប្រវែង ៣០ ម៉ែត្រ, ខ្សែភ្លើង ប្រវែង ៤០ ម៉ែត្រ, ម៉ាស៊ីនឆក់ត្រជាក់ ចំនួន ០១ គ្រឿង និងត្រី ចំនួន ៣០ គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ខាងលើ និងវត្ថុតាង ខាងផ្នែកជលផលចុងឃ្នៀស អនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕