ម្ចាស់ហាងទូរសព្ទនៅផ្សារមេមត់ ទទួលបានទូរសព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មី នៅត្រួតពិនិត្យបន្ត


ខេត្តត្បូងឃ្មុំ៖ ម្ចាស់ហាងលក់ទូរសព្ទ នៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវមន្ត្រីគយចល័តតំបន់៦ ចុះចាប់ និងដកហូតជាង ០១ ពាន់គ្រឿង កាលពីកន្លងទៅ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនមកវិញហើយ កាលពីថ្ងៃទី០៤ ខែមិថុនា ម្សិលមិញនេះ តែការប្រគល់ជូននេះ គឺប្រគល់ជូនតែអីវ៉ាន់មួយទឹកតែប៉ុណ្ណោះ ខណៈអីវ៉ាន់នាំចូលថ្មី ត្រូវរង់ចាំការត្រួតពិនិត្យបន្តសិន ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងលក់ទូរសព្ទទំនើប រដ្ឋា មេមត់ បានឱ្យដឹង នៅព្រឹកថ្ងៃទី០៥ ខែមិថុនា នេះ ។

ម្ចាស់ហាងលក់ទូរសព្ទទំនើប រដ្ឋា មេមត់ បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា នេះ លោកបានដាក់អីវ៉ាន់បើកលក់ជាធម្មតាវិញហើយ បន្ទាប់ពីទទួលបានអីវ៉ាន់ពីមន្ត្រីគយ ដែលបានដកហូតកាលពីកន្លងទៅ ។

លោកបញ្ជាក់ថា អីវ៉ាន់ដែលទទួលបានមកវិញនេះ គឺជាទូរសព្ទមួយទឹក ដែលទិញដូរនៅក្នុងស្រុក ហើយចំពោះអីវ៉ាន់ដែលនាំចូលថ្មីនោះ នៅមិនទាន់បានទទួលមកវិញនោះទេ ត្រូវរង់ចាំមន្ត្រីគយត្រួតពិនិត្យបន្តសិន ហើយក៏នឹងបានមកវិញគ្រប់ចំនួនផងដែរ ។

បើតាមម្ចាស់ហាងលក់ទូរស័ព្ទរូបនេះ ការទទួលបានទូរស័ព្ទមកដាក់លក់វិញនេះ គឺដោយមានការសម្របសម្រួលពីភាគីក្រុមហ៊ុន ជាមួយមន្ត្រីគយ ។ លោកថា ចំពោះទូរសព្ទថ្មី មន្ត្រីគយតម្រូវឱ្យបង់ពន្ធនាំចូល តែការបង់ពន្ធនេះក៏មានការបន្ធូរបន្ថយផងដែរ ។

ម្ចាស់ហាងលក់ទូរសព្ទទំនើប រដ្ឋា មេមត់ បញ្ជាក់បន្ថែមថា ក្រៅពីលោក មានម្ចាស់ហាងទូរសព្ទ ចំនួន ០២ ផ្សេងទៀត ក៏ទទួលបានអីវ៉ាន់មកដាក់លក់ជាធម្មតាដូចរូបលោកដែរ ខណៈពេលដែលមិនទាន់ទទួលបានអីវ៉ាន់មកវិញនោះ លោកបើកតែជួសជុលតែប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់ខ្លះគ្រាន់បង់ថ្លៃឈ្នួលផ្ទះ ៕

អត្ថបទពាក់ព័ន្ធ