ជនសង្ស័យជួញដូរគ្រឿងញៀន បានបញ្ចប់ជីវិតបន្ទាប់ពី សមត្ថកិច្ចឡោមព័ទ្ធជាង ៣ ម៉ោង

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់បានបង្ខំចិត្ត បាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននិង កម្លាំងស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និងនគរបាល ខណ្ឌឫស្សីកែវ  បានឡោមព័ទ្ធបង្ក្រាបគ្រឿងញៀនអស់រយៈពេលប្រមាណជាង ០៣ ម៉ោង ហើយមានការបាញ់តដៃគ្នា ។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃ ទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុច ផ្ទះ លេខ ១៤៣G ផ្លូវ ១០៣ ខាងកើតផ្សារ សាំហាន់ ជាប់ ប្រឡាយ បាក់ទូក ក្នុងភូមិ បាក់ទូក សង្កាត់ ទួលសង្កែ ទី ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

 

ជនសង្ស័យដែលបានបញ្ចប់ជីវិតដោយបាញ់សម្លាប់ខ្លួនមានឈ្មោះ ហ៊ុំ បូ រិន ភេទ ប្រុស អាយុ ៤៣ ឆ្នាំជាមុខសញ្ញាចាស់ និង ធ្លាប់ជាប់ពន្ធនាគារ មានប្រពន្ធ និង កូនប្រុស ម្នាក់ស្នាក់ ផ្ទះ កើតហេតុខាងលើ ។

តាមព័ត៌មានអោយដឹងថាដោយមានការស្រាវជ្រាវ ពី កម្លាំងជំនាញ នៃ មន្ទីរប្រឆាំងគ្រឿងញៀន សមត្ថកិច្ច ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ក៏ បានធ្វើការឡោមព័ទ្ធលំនៅឋានរបស់ជនសង្ស័យ ដើម្បីបង្ក្រាប ឧក្រិដ្ឋជន គ្រឿងញៀន នៅវេលាម៉ោងប្រមាណ ២ រសៀល ។ ខណៈនោះជនសង្ស័យទំនងជាដឹងខ្លួនទាន់ក៏បានបាញ់ មក លើសមត្ថកិច្ចជាច្រើនគ្រាប់ដើម្បីគេច។ ភ្លាមៗកម្លាំងជំនាញដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ក៏ ដូចជាកម្លាំងនគរបាល និង អាជ្ញាធរ ខណ្ឌឫស្សីកែវ ក៏បានធ្វើការឡោមព័ទ្ធផ្ទះ ជនសង្ស័យអស់ ជា ច្រើនម៉ោង ។

តាមព័ត៌មានអោយដឹងទៀតថាភ្លាមៗកម្លាំងឈុតខ្មៅ របស់មន្ទីរ គ្រឿងញៀន នៃ អគ្គស្នងការ នគរបាល ជាតិ ក្រសួងមហាផ្ទៃ ក៏ បានចុះទៅជួយ អន្តរាគមន៍ និង ឡោមព័ទ្ធ ទាំង កណ្តាលភ្លៀង រហូត ដល់ ម៉ោងជាង ៥ ល្ងាច ថ្ងៃ ដដែល ដោយមានដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៍ បានអោយ កម្លាំង ឈុត ខ្មៅ ប្រដាប់ ដោយ ខែលបាញ់គ្រាប់បែកផ្សែង ចំនួន ២ គ្រាប់ ចូលក្នុងផ្ទះហើយសំបុកចូល រុករក ជនសង្ស័យ រហូត ដល់ ម៉ោង ៥ និង ៤១ នាទី ស្រាប់តែ ប្រទះឃើញ ជនសង្ស័យដេក ស្លាប់ នៅលើពិដាន បន្ទប់ជួល ។

តាម លោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ដែល ដឹកនាំ ប្រតិបត្តិការ បានអោយ អ្នកសារព័ត៌មាន ដឹង ថាជនសង្ស័យបាន បាញ់សម្លាប់ខ្លួនឯង ចំនួន ២ គ្រាប់ ។ សមត្ថកិច្ចមានការសង្ស័យថាជនសង្ស័យ បាន បាញ់សម្លាប់ខ្លួនតាំងពីបាញ់តដៃជាមួយសមត្ថកិច្ចដើម្បីគេចខ្លួនតែគេចមិនរួចព្រោះ បន្ទាប់ ពី ផ្ទុះអាវុធ មួយប្រាវគេពុំបានឮសំឡេងផ្ទុះអាវុធទៀត ទេរហូតដល់សមត្ថកិច្ចបាញ់គ្រាប់បែកផ្សែងចូល ។

តាម លោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានអោយដឹងទៀតថាជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនហើយធ្លាប់ជាប់ពន្ធ នាគារពាក់ព័ន្ធជួញដូរអាវុធហើយ ទើបតែចេញពីពន្ធនាគារប្រមាណជិត២ ឆ្នាំ ។

លោកបានបញ្ជាក់ថានៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានបង្ក្រាបបានជនសង្ស័យចំនួន ២ នាក់រួចហើយ ហើយជនសង្ស័យម្នាក់នេះបានបាញ់សម្លាប់ខ្លួនឯងដោយ កាំភ្លើងខ្លីម៉ាកឡុក ។ បន្ទាប់ពីជនសង្ស័យបាញ់សម្លាប់ខ្លួនឯងសមត្ថកិច្ចជំនាញកោសល្យវិច័ នៃស្នងការនគរបាល រាជធានី ភ្នំពេញ ក៏បានចុះទៅត្រួតពិនិត្យសពទាំងយប់ ផង ដែរ ។

ក្នុងកិច្ចប្រតិបត្តិការកម្លាំងធ្វើការបង្ក្រាបឆែកឆេររកវត្ថុតាងនៅក្នុងបន្ទប់របស់ជនសង្ស័យ ឈ្មោះ ហ៊ុំ បូរិន ( ស្លាប់ ) រកឃើញ រួម មាន ៖ – ក្រាម ពណ៌ ស ថ្លា សង្ស័យ ជា សារធាតុ ញៀន ចំនួន ០៤ កញ្ចប់ ធំ និង ០២ កញ្ចប់ តូច – កាំភ្លើង GLOCK19 លេខ DHZ687 និង បង់ ០១ គ្រាប់កាំភ្លើង ចំនួន ០៧ គ្រាប់ – បង់ K54 ចំនួន ០១ និង គ្រាប់កាំភ្លើង ចំនួន ០៨ គ្រាប់ – ម៉ូតូ Honda click ១៦០CC ពណ៌ ស ស្លាក លេខ 1JU-6769 ០១ គ្រឿង – លិខិតឆ្លងដែន ០១ ច្បាប់ – ម៉ាស៊ីន កាមេរ៉ា ០១ គ្រឿង – ទូរ សព្ទ ដៃ ម៉ាក iPhone XS MAX ពណ៌ ស ០១ គ្រឿង ។

បច្ចប្បន្នសពជនសង្ស័យបានប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណីកាំភ្លើងGLOCK19 បានប្រគល់អោយការិយាល័យបច្ចេកទេសរីឯ វត្ថុ តាង ដកហូតផ្សេង ទៀតបានប្រគល់អោយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ក ១១.៣) ដើម្បីបន្តនីតិវិធីចំពោះ ផ្ទះ ខាងលើ កម្លាំង សមត្ថកិច្ច បង្កើតក្រុមប្រតិបត្តិការចម្រុះបិទជា បណ្តោះអាសន្ន ៕

អត្ថបទពាក់ព័ន្ធ