ក្រុមផលិតមាតិកាគ្មានសីលធម៌មួយក្រុម ត្រូវបានមន្ទីរវប្បធម៌ខេត្តសៀមរាប ហៅមកអប់រំនិងធ្វើកិច្ចសន្យា
ខេត្តសៀមរាប៖ ក្រុមអ្នកផលិតវីដេអូ (MMO) នៅក្នុងខេត្តសៀមរាបមួយក្រុម ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ធ្វើការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គម។
ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីក្រុម MMO ខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាសអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប។
តំណាងក្រុមអ្នកផលិតវីដេអូ បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនូវរាល់កំហុសឆ្គងកន្លងមក និងសន្យាកែប្រែនូវចំណុចខុសឆ្គងទាំងអស់ទាំងខ្លឹមសារពាក្យពេចន៍ និងរូបភាព៕