រថយន្តកូរ៉េដឹកគ្រឿងសំណង់ បើកលឿនរេចង្កូតធ្លាក់ចូលវាលស្រែក្រឡាប់ផ្ងារជើង នៅស្រុកក្រឡាញ់


ខេត្តសៀមរាប៖ រថយន្តកូរ៉េប្រភេទទេសចរណ៍ តែដឹកគ្រឿងសំណង់ ០១ គ្រឿង បើកបរល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងចូលវាលស្រែ បណ្ដាលឱ្យរងរបួសធ្ងន់អ្នកបើកបរ និងស្ត្រីម្នាក់រងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៤ ៖ ៥៥ នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៣៦០-៣៦១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

រថយន្តជួបគ្រោះថ្នាក់នេះ ជាប្រភេទកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3639 ដឹកគ្រឿងសំណង់ ។
យោងតាមប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកគ្រឿងសំណង់ បើកបរក្នុងល្បឿនលឿន ពីកើតទៅលិច ខណៈដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងចូលវាលស្រែ បណ្ដាលឱ្យរងរបួសធ្ងន់អ្នកបើកបរ និងស្ត្រីម្នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកបើកបរ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយរើកកាយឥដ្ឋការ៉ូចេញ ដើម្បីយកជនរងគ្រោះ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

អត្ថបទពាក់ព័ន្ធ